(ព្រះវិហារ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកា អង្គពិធីទាំងមូលដោយការគិតគូរអំពីសុខទុក្ខរបស់នារីនៅគ្រប់ទីកន្លែង។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានអបអរសាទរចំពោះ លោកស្រី សុខា គងពិសី ដែលត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ និងបានថ្លែងនូវការកោតសរសើរដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមកទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ដោយមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពីលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឲ្យថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបានកំណត់ និងបានអំពាវនាវឲ្យនារីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ និងបានណែនាំឲ្យ នារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធផល និងផលប្រយោជន៍របស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើសមាជិកម្នាក់ ជាសម្លេងគាំទ្រគណបក្ស ១សន្លឹក។

ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រូបនេះ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់នារីនៅគ្រប់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ២០២២ និងត្រូវរក្សាប្រៀបឈ្នះឲ្យបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ក្នុងពិធីនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនថវិកាចំនួន១៣លានរៀល និង២,២០០ដុល្លារ ទៅសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ សម្រាប់ត្រៀមទុកធ្វើសកម្មភាពមនុស្សធម៌ផងដែរ៕