(ភ្នំពេញ)៖ សាច់ញាតិរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានទូរស័ព្ទប្រាប់ពីទីក្រុងបាងកកឲ្យដឹងថា នៅល្ងាចថ្ងៃទី១៦ ខែមិថុនានេះ អ្នកឧកញ៉ា ថេង ប៊ុនម៉ា ដែលជាសេដ្ឋី និងជាអគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង ជាក្រុមហ៊ុនបើករកស៊ីនៅក្នុងប្រទេសកម្ពុជាដ៏ធំ និងល្បីល្បាញជាងគេ កាលពីដើមទសវត្សរ៍៩០នោះ ត្រូវបានបងប្អូនកូនចៅសម្រេចបញ្ចូនពីមន្ទីរពេទ្យនៅទីក្រុងបាងកក មកព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញវិញ បន្ទាប់ពីស្ថានភាពជំងឺលើសឈាមរាំរ៉ៃរាប់ឆ្នាំធ្ងន់ធ្ងរទៅៗ ហើយមានសង្ឃឹមតិច។
សាច់ញាតិបងប្អូនរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា ដែលបច្ចុប្បន្នកំពុងស្ថិតនៅទីក្រុងបាងកក បានទូរស័ព្ទប្រាប់ឲ្យដឹងថា នៅពេលនេះយន្តហោះដឹកអ្នកឧកញ៉ា បានហោះហើរចេញពីទីក្រុងបាងកកហើយ ដោយបញ្ជូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ នៅរាជធានីភ្នំពេញ បន្ទាប់ពីអ្នកឧកញ៉ាទទួលរងនូវជំងឺលើសឈាម ហើយទៅដេកសម្រាកព្យាបាលជំងឺ នៅទីក្រុងបាងកក ប្រទេសថៃ និងស្នាក់នៅផ្ទះកូនស្រីព្យាបាលជំងឺអស់ជាច្រើនឆ្នាំរួចមក៕