(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន ASEAN Social Security Association (ASSA) លើកទី៣៩ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មូលនិធិជាតិជំនួយសង្គមតំណាងដោយ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានទទួលពានរង្វាន់ «ឧត្តមមានុវត្តន៍នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ-១៩» ពីក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន ASEAN Social Security Association (ASSA)។

ពានរង្វាន់ឧត្តមមានុវត្តន៍ គឺជាពានរង្វាន់របស់សមាគមសន្តិសុខសង្គមអាស៊ាន ដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាលជូនចំពោះបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ដែលបានបំពេញការងារប្រកបដោយភាពជោគជ័យលើឧត្តមភាពនៃការផ្តល់សេវាគាំពារសង្គមជូនដល់ប្រជាពលរដ្ឋតាមប្រទេសនីមួយៗ។

ការទទួលបានពានរបស់មូលនិធិជាតិជំនួយសង្គមពីក្រុមប្រឹក្សាជាតិសន្តិសុខសង្គមនេះគឺជាមោទនភាពមួយរបស់មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ដែលបានទទួលពានរង្វាន់ និងការទទួលស្គាល់នេះជាលើកដំបូងខណ:ស្ថាប័ននេះទើបបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ២០២២ តាមរយ:អនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។

គណ:កម្មការបានវាយតម្លៃសម្រាប់ការផ្តល់ពាន់រង្វាន់ដោយផ្តោតលើ៖
១. យន្តការអនុវត្ត
២.ប្រព័ន្ធបើកផ្តល់
៣.លទ្ធផលអនុវត្ត
៤.ការសហការរបស់ស្ថាប័នពាក់ព័ន្ធ។

ផ្តើមចេញពីពានរង្វាន់នេះ មូលនិធិជាតិជំនួយសង្គម សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណជូនក្រសួងស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងបណ្តារាជធានី-ខេត្តទាំង២៥ ដែលតែងតែជួយគាំទ្រ និងស្រាក់ដៃគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

មូលនិធិជាតិជំនួយសង្គម ក៏សូមថ្លែងអំណរគុណផងដែរចំពោះដៃគូអភិវឌ្ឍទាំងអស់ដែលមានដូចជា អង្គការ UNICEF អង្គការ UNDP អង្គការ GIZ និងអង្គការ OXFAM ដែលតែងតែជួយគាំទ្រទាំងថវិកា និងបច្ចេកទេស៕