(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះប្រជាជនរុនតាឯក នឹងជំរុញឱ្យប្រជាជននៅតំបន់រុនតាឯកដែលបានរើចេញពីតំបន់រមនីយដ្ឋានអង្គរ និងភូមិពាក់ស្នែង នឹងមានផ្ទះរស់នៅប្រកបដោយផាសុកភាព តាមរយៈគំនិតច្នៃប្រឌិតរបស់និស្សិតទៅលើការរចនាម៉ូដផ្ទះដែលមានតម្លៃសមរម្យ ដែលនឹងក្លាយជាគម្រូមួយសម្រាប់តំបន់ផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីប្រកួតស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូរុនតាឯក ដែលបានរៀបចំឡើងដោយសាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីប្រែក្លាយតំបន់រុនតាឯកទៅជាកូនក្រុងឆ្លាតវៃ និងទាក់ទាញភ្ញៀវទេសចរក្នុងពេលបច្ចុប្បន្ន និងអនាគត។

ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំឲ្យរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯកឲ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យនិងមានផាសុខភាពដល់ប្រជាជននោះ សាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុន AGENT21 Global បានផ្តួចផ្តើមរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃរចនាម៉ូដផ្ទះ ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការប្រែក្លាយតំបន់រុនតាឯកទៅជាកូនក្រុងឆ្លាតវៃស៊ីវីល័យមួយក្នុងពេលអនាគត។ ក្នុងការប្រកួតប្រជែងស្នាដៃនេះ តម្រូវឱ្យនិស្សិតក្នុងមួយក្រុមរចនាម៉ូដផ្ទះគម្រូចំនួន៣ម៉ូដផ្សេងគ្នា ហើយការចំណាយលើការសាងសង់ត្រូវមានតម្លៃសមរម្យ ដែលសមស្របទៅនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះ។

អ្នកម្នាងបណ្ឌិត ម៉ែន ច័ន្ទទេវី សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈ បានថ្លែងថា នេះជាលើកទីមួយដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុន AGENT21 Global រៀបចំកម្មវិធីនេះឡើង ដោយមាននិស្សិតមកពីឆ្នាំទី៣ឆ្នាំទី៤និងឆ្នាំទី៥នៃមហាវិទ្យាល័យស្ថាបត្យកម្ម និង នគររូបនីយវិទ្យាចូលរួមប្រកួតប្រជែង។

អ្នកម្នាងកត់កត់សម្គាល់ឃើញថា និស្សិតដែលមានចូលរួមប្រកួតនេះ មានស្នាដៃខុសប្លែកៗពីគ្នា និងសំបូរបែប ទាក់ទងនឹងគំនិតស្ថាប្យកម្ម ។ ក្នុងការប្រកួតនេះនិសិត្សត្រូវរចនាម៉ូដផ្ទះឆ្លើយទៅនឹងការបែបបទនៃការរស់នៅក្នុងសង្គមបច្ចុប្បន្ន និងពេលអនាគត ងាយស្រួលក្នុងការស់នៅប្រកបដោយផាសុកភាព មាននិរន្តភាពក្នុងការរស់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាជនអាចប្រកបអាជីវកម្មផ្សេងៗបាន និងការទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកស្រី លី ចន្រ្ទ័លក្ស្មី អគ្គនាយិកាក្រុមហ៊ុន AGENT21 Global ដែលបានសហការក្នុងការរៀបចំកម្មវិធីប្រកួតនេះបានលើកឡើងថា កម្មវិធីប្រកួតប្រជែង ស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូនៅតំបន់រុនតាឯក បានបង្ហាញពីសមត្ថភាពពិតៗ និងគំនិតច្នៃប្រឌិតខ្ពស់ របស់កូនខ្មែរ និងយុជនជំនាន់ក្រោយ ដែលជាធនធានមនុស្សរបស់កម្ពុជាមានទេពកោសល្យអាចរចនាម៉ូដផ្ទះដ៏ល្អ និងជាគំរូសម្រាប់យកជាត្រីវិស័យ ដើម្បីសង់ផ្ទះដ៏ប្រណិតជូនប្រជាជននៅក្នុងតំបន់តែម្តង។

លោកស្រីបន្តថា «យើងអាចជឿជាក់បានថាម៉ូតផ្ទះដែលបានទទួលជ័យលាភីពិតជាសាកសមនៅតំបន់រុនតាឯក យ៉ាងពិតប្រកដ។ ក្នុងនោះដែរក្រុមហ៊ុន Agent21 Global នឹងឧបត្ថមផ្ទះជាក់ស្តែងទៅដល់ទីតាំងចំនួន៣ ដែលនឹងយកគម្រូតាមម៉ូតផ្ទះរបស់ជ័យលាភី។ ដោយ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោរពតាមអនុសាសន៌របស់ សម្តេចតេជោ ហ៊ុន សែន ហើយយើងក៏រួម គ្នាកសាងតំបន់នេះឱ្យលេចជារូបរាងពិតប្រាកដ»