(ក្រុងឡេន)៖ ក្រុមបាល់ទាត់ដែលមានរហស្សនាមថា «តោ៣ អង៉គ្លេស» តែងតែធ្វើបានល្អជានិច្ច ពេលប៉ះក្រុមដែល ស្ថិតក្នុងប្រទេសជិតខាងគ្នា វ៉េល ដែលធ្លាប់ឈ្នះរហូតដល់ទៅ ៦៦ដងពីប្រវត្តិជួបគ្នា ១០១ប្រកួតនាពេលកន្លងមក ដោយត្រូវជួបគ្នាជាថ្មីម៉ោង ៨យប់នេះក្នុង Euro 2016 នៅប្រទេសបារាំង។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា អង់គ្លេស ត្រូវតតាំងជាមួយប្រទេសតូចដែលមានកីឡាករជើងខ្លាំង Gareth Bale ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹបល្បី Real Madrid របស់អេស្ប៉ាញ ហើយជាកីឡាករដែលជួយឲ្យជម្រើសជាតិ វ៉េល ឡើងមកវគ្គចែកពូលក្នុង Euro 2016 លើកទី១៥ នេះដែរ។
ការបាត់បង់ ៣ពិន្ទុនៅថ្ងៃបើកឆាកពូល B នាទីចុងម៉ោង ដោយសារតែកីឡាកររុស្ស៊ី តែតតាមស្មើ ១-១ បានធ្វើឲ្យក្រុម ម្ចាស់ជើងឯក World Cup 1966 មួយនេះទើបតែរកបាន១ពិន្ទុ ឈរនៅលេខ៣ក្នុងពូលនៅឡើយ ខណៈដែល៣ពិន្ទុក្នុងទីក្រុង Lens នៃប្រកួតលើកទី២ ត្រូវជួបវ៉េល គឺពិតជាតានតឹងខ្លាំងឡើង ត្បិតត្រូវរក៣ពិន្ទុឲ្យបាន ដើម្បីជួយស្រោចស្រង់កៅអីវគ្គ ១៦ក្រុម។
ក្រឡេកមកមើលក្រុមវ៉េល ដែលធ្លាប់លេងឈ្នះអង់គ្លេស ២១ដង និងស្មើ១៤ដង ពីប្រវត្តិជួបគ្នា ១០១ប្រកួតមកនេះ ទើបតែបានឡើងមកលេងវគ្គចែកពូល Euro 2016 លើកនេះទេ ក្រោយរង់ចាំអស់រយៈពេលជាង ៦០ឆ្នាំមកនេះ ហើយ ក៏កំពុងឈរនៅកំពូលតារាងក្នុងពូល B បណ្តោះអាសន្នផងដែរ ជាមួយនឹង៣ពិន្ទុ ក្រោយយកឈ្នះស្លូវ៉ាគី ២-១ នៅ១ប្រ កួតដំបូងរបស់ខ្លួន។
៣ប្រកួតរាត្រីនេះក្នុង Euro 2016 នៅប្រទេសបារាំង គឺអង់គ្លេស ប៉ះវ៉េល ម៉ោង ៨យប់ ក្នុងពូល B, អ៊ុយក្រែន ប៉ះអៀរឡង់ខាងជើង ម៉ោង ១១យប់ និងអាល្លឺម៉ង់ ប៉ះប៉ូឡូញ ម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល C៕