(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួនសរុប៨០០គ្រួសារ ក្នុងនោះមកពីក្រុងកំពង់ចាម ចំនួន៤០០គ្រួសារ និងស្រុកកំពង់សៀម ចំនួន៤០០គ្រួសារ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ការចែកស្បៀងអាហាររបស់រដ្ឋាភិបាល ដល់ប្រជាពលរដ្ឋនាពេលនេះ គឺជាការចូលរួមសុខទុក្ខជាមួយគ្នា ពោលគឺបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺយើងមិនរត់ចោលគ្នា។

ជាក់ស្ដែងដូចជាក្នុងបរិបទជំងឺកូវីដ១៩ អស់រយៈពេល២ឆ្នាំ ដែលយើងពិតជាលំបាកណាស់ ទាំងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ គឺបានរួមគ្នាទប់ស្កាត់កុំឲ្យជំងឺនោះឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះអាជ្ញាធរក៏បានខិតខំដោះស្រាយស្បៀងអាហារនានា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅពេលដែលមានការបិទខ្ទប់ ឬសម្រាប់អ្នកដែលបានឆ្លងជំងឺនោះ។ ប៉ុន្តែជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋបានធូរស្រាលពីជំងឺកូវីដ១៩ ក៏មកជួបប្រទះនិងគ្រោះទឹកជំនន់ ដូច្នេះហើយទើបអាជ្ញាធរនៅតែបន្តធ្វើការដោះស្រាយនូវបញ្ហានេះ ជូនប្រជាពលរដ្ឋ ដោយមិនទុកប្រជាពលរដ្ឋចោលនោះទេ។

លោកអភិបាលខេត្ត បានបន្តថា ចំពោះប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភជាថវិកាពីរាជរដ្ឋាភិបាល ជាប្រចាំខែផងដែរ ដោយកិច្ចការនេះរដ្ឋាភិបាលមិនទាន់បញ្ចប់នៅឡើយទេបើទោះបីជាជំងឺកូវីដ១៩ បានធូស្រាលទៅហើយក្តី។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី២បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការគឺ៖

*ទី១៖ ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់
*ទី២៖ ដោះស្រាយដល់ប្រជាពលរដ្ឋដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាមនៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕