(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែ​មិថុនា​ ឆ្នាំ២០១៦នេះ បានថ្លែងថា «យើងមិនអាចពង្រឹងគុណភាព សេវាសុខាភិបាល ដោយពុំគិតឡើយ​ពីការពង្រឹង​គុណភាព នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាលបានឡើយ ព្រោះការពង្រឹងគុណភាពថែទំាសុខាភិបាល និងការពង្រឹងការបណ្ដុះ​បណ្ដាល​ឧត្ដមសិក្សា ផ្នែកវិទ្យាសាស្រ្ដ​សុខាភិបាល មានលក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីវិវឌ្ឍវិស័យសុខាភិបាល កាន់តែប្រសើរ បម្រើជូនប្រជាពលរដ្ឋផ្ទាល់តែម្ដង»

លោករដ្ឋមន្ដ្រីបានថ្លែងបែបនេះឡើង ក្នុងពិធីសន្និសីទវិទ្យាសាស្ដ្រ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ក្នុងឱកាសការប្រារព្ធខួបទី៧០ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ដ្រ នៅថ្ងៃទី១៦
ខែ​មិថុនា​ ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ Le Royal ដែលមានការអញ្ជើញចូលរួម គ្រប់ពីភាគីពាក់ព័ន្ធ នៃក្រសួងសុខាភិបាលជាតិ និងអន្ដរជាតិ។

លោករដ្ឋមន្រ្ដីបានថ្លែងថា «ក្នុងថ្ងៃនេះយើងបានលើក នូវប្រធានបទចំនួនពីរផងដែរ គឺការពង្រឹងគុណភាពថែទំាសុខាភិបាល និងការពង្រឹងការបណ្ដុះបណ្ដាលឧត្ដមសិក្សា ផ្នែកវិទ្យា​សាស្រ្ដ សុខាភិបាល ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា លើសពីនេះ យើងក៏ដឹងហើយថា ការពង្រឹងគុណភាព នៃការផ្ដល់សេវាសុភាព ជាកិច្ចការស្នូលនៃប្រព័ន្ធសុខាភិបាល
និងជាភារកិច្ចស្នូល​របស់មន្ដ្រី-បុគ្គលិកសុខាភិបាលគ្រប់រូប»

លោករដ្ឋមន្ដ្រីបន្ដថា «ពិសេសក្នុងឱកាសនៃពិធីបើកសន្និសីទវិទ្យាសាស្ដ្រនាពេលនេះ ចំខួបទី៧០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ហើយសាកលវិទ្យាល័យនេះ
មានវ័យចំណាស់ជាងគេ គឺមុនរបបប៉ុលពតប្រល័យពូជសាសន៍ទៅទៀត  និងបានចូលរួមចំណែកច្រើនជាងគេ ក្នុងការកសាងធនធានមនុស្សសុខាភិបាល ប្រកបដោយសមត្ថភាព
និងសីលធម៌ខ្ពស់ ហើយចំពោះ មន្ដ្រី-បុគ្គលិកសុខាភិបាលសព្វថ្ងៃ  កំពុងបម្រើការងារនៅតាមមន្ទីរពេទ្យ និង​ទីតាំងផ្ដល់សេវាសុខាភិបាលរដ្ឋ និង​ឯកជនដទៃទៀ ទូទាំងកម្ពុជា
ភាគច្រើនជាអតីតនិស្សិតដែលចេញ ពីសាកលវិទ្យាល័យចំណាស់មួយនេះ»

លោករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណ ចំពោះបណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ ពិសេសស្ថានទូតបារំាង មូលនិធិ China Medical Board អង្គការ Fred Hollows Foundation  
អង្គការសុខភាពពិភពលោក មូលនិធិ Merieux មូលនិធិ Pierre Fabre សមាគមិត្ដនិស្សិត និងឱសថការីខ្មែរ ម្ចាស់ជំនួយផ្សេងៗទៀតផងដែរ៕