(ត្បូងឃ្មុំ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ ជាជំណងដៃថ្មីមួយដែលរាជរដ្ឋាភិបាលផ្ដល់ជូន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ 

ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទនេះ បានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏មានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តខេត្តត្បូងឃ្មុំ តំណាងកងវិស្វកម្មក្រសួងការពារជាតិ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

លោក គង់ ភឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍ថា៖ ផ្លូវបេតុងដែលកំពុងប្រារព្ធពិធីស្ដារឡើងវិញនាពេលនេះ មានប្រវែង ១១ គីឡូម៉ែត្រ និង ៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងមានចិញ្ចើមប្រវែង ១ ម៉ែត្រ អមសងខាងផ្លូវ ដែលមានទីតាំងតភ្ជាប់ពីឃុំទ្រា រហូតទៅដល់ឃុំក្រូចឆ្មារ ត្រង់ចំណុចស្ពានព្រែកតាឌួង ក្នុងភូមិសាស្រ្ដស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឺស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ។

លោក គង់ ភឿន បានបន្តថា៖នៅឆ្នាំ២០១២ ផ្លូវនេះត្រូវបានស្ថាបនាដោយក្រាលកៅស៊ូ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី មានទទឺងប្រវែង ៥ ម៉ែត្រប៉ណ្ណោះ មានស្ថានភាពតូចចង្អៀត មានចរាចច្រើន រួមទាំងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងនោះ ធ្វើឲ្យផ្លូវនេះទទួលរងការខូចខាត។ ការស្ដារឡើងវិញកំណាត់ផ្លូវនេះគឺស្របពេលដែលកំណាត់ផ្លូវបេតុងចាប់ពីគល់ស្ពានគីហ្សូណាមកដល់ភូមិសាស្រ្ដឃុំទ្រា បានសាងសង់រួច និងមានទំហំធំរួចជាស្រេច ។  

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានសុំការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានគេហដ្ឋាន ឬធ្វើដំណើរលើផ្លូវនេះ អាចនឹងជួបការលំបាក ឬហុយធូលីដីជាដើម នៅពេលផ្លូវនេះកំពុងស្ថាបនា ប៉ុន្តែនៅពេលស្ថាបនារួច ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរជាក់ជាមិនខាន។

បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយប្រើប្រាស់ថវិកាជាតិ និងត្រូវប្រើប្រាស់រយៈពេលសាងសង់ ២៥ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលកិច្ចសន្យាស្ដារឡើងវិញដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ក្រោមអាណាប័កថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បណ្ឌិតសភាចារ្យបានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់គោលបំណងគោលនយោបាយអភិវឌ្ឍន៍ផ្លូវជនបទ ថានៅឆ្នាំ២០៣០ គ្រប់ភូមិ ឃុំ ត្រូវបានតភ្ជាប់និងមានផ្លូវប្រើប្រាស់គ្រប់គ្រាន់ និងយ៉ាងហោចណាស់ក៏បាន ៧៥% ដែរ នៅក្នុងភូមិទូទាំងប្រទេសមានផ្លូវប្រើប្រាស់គ្រប់រដូវកាល។

បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួនេះក៏បានអំពាវនាវដល់បងប្អូនអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវសិទ្ធិរបស់ខ្លួន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿងថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕