(កំពង់ចាម)៖ លោកឧត្តមសេនីត្រី ថុល សុធី មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរយសជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ឆ្នាំ២០២២ របស់អង្គភាពចំណុះយោធភូមិភាគ២។ ពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងកំពង់ចាម។

លោកឧត្តមសេនីត្រី ថុល សុធី ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី២ បានសម្ដែងនូវមនោសញ្ចេតនា ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មយ៉ាងធំធេង ទាំងក្នុងចលនារំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ។

បន្ថែមពីនេះ បានចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តន៍ នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា ក៏ដូចជាបានចូលរួមចំណែកថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ការដាក់យោធិនឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ គឺជាការចូលរួមយ៉ាងសកម្ម ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ នៅក្នុងឆ្នាំ២០២២នេះ ហើយនេះអនុវត្តទៅតាមច្បាប់សោធននិវត្តន៍ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលបានអនុវត្តន៍គោលនយោបាយជាតិសំខាន់ៗ ក្នុងនោះការអនុវត្តន៍គោលនយោបាយ របបសន្តិសុខសង្គម ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សម្ថភាពយោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយគោរពដឹងគុណចំពោះគុណុបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិ មាតុភូមិ និងប្រជាជន ជាមួយនឹងការយកចិត្តទុកដាក់ ដោះស្រាយជីវភាពបងប្អូនទាំងស្មារតី សម្ភារៈ ថវិកាជាបន្តបន្ទាប់។

លោកឧត្តមសេនីត្រី ថុល សុធី ក៏បានផ្តាំផ្ញើយោធិនចូលនិវត្តន៍ និងយោធិនពិការរលត្រូវផ្ទេរចេញពី ក្របខ័ណ្ឌ ក្រសួងការពារជាតិ ឆ្នាំ២០២២នេះថា ទោះបីបានផ្ទេរភារកិច្ច ទៅជាជនស៊ីវិលក្តី តែត្រូវបន្តថែរក្សាប្រពៃណីរបស់កងទ័ព ថែរក្សាសុខភាព ថែរក្សាតម្លៃ កិត្តិយស ស្នាដៃ និងពលីកម្មរបស់បងប្អូនកន្លងមក ឲ្យក្លាយជាគំរូដ៏ល្អសម្រាប់លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ៕