(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដែលមានអ្នកចូលរួមមកពីសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត និងមកពីក្រសួងការងារ៥នាក់ សរុបចំនួន ៧៧នាក់។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក។

លោកស្រីបន្តទៀតថា នៅឆ្នាំ២០១០ នៅពេលមានគ្រោះថ្នាក់រត់ជាន់គ្នានៅស្ពានពេជ្ររួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានឲ្យបង្កើតក្រុមការងារវិជ្ជាសង្គ្រោះបឋម និងពង្រីកវិជ្ជានេះឲ្យបានទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ និងបង្រៀនដល់ប្រជាពលរដ្ឋ ដែលអាចជួយសង្គ្រោះខ្លួនឯងឬអ្នកនៅជុំវិញខ្លួន ហើយមកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជាបានបញ្ចូលវិជ្ជាសង្គ្រោះបឋមនៅក្នុងយុទ្ធសាស្ត្រ២០២១-២០៣០ នៅក្នុងមួយគ្រួសារមានសមាជិកម្នាក់ចេះវិជ្ជាសង្គ្រោះបឋម។

លោកស្រីបន្តថា វគ្គនេះធ្វើឡើងដើម្បីបង្កើនសមត្ថភាព កែសម្រួលបច្ចេកទេសថ្មីៗក្នុងដំណាក់កាលជំងឺកូវីដ-១៩ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សាខា ដែលមាន ១៖ផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមទៅដល់សហគមន៍ឲ្យបានច្រើនជាងមុន,២៖ បណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាឲ្យបានច្រើន និងមានគុណភាពជាងមុន, ៣៖បង្កើនវគ្គវិជ្ជាសង្គ្រោះបឋមបង់ថ្លៃទៅដល់ មន្ទីរ អង្គការ ស្ថាប័ននានាឲ្យបានច្រើនជាមុន និងទី៤៖ ខិតខំរៀនសូត្រ ស្រាវជ្រាវ និងបង្កើនចំណេះដឹង និងបទពិសោធន៍ ឲ្យបានកាន់តែប្រសើរជាងមុន។

លោកស្រីក៏បានស្នើឲ្យគ្រូបង្គោលទាំងអស់ ដែលបានចូលរួមវគ្គនេះ ដែលបានបំពេញបន្ថែមនូវចំណេះដឹងថ្មីៗនាពេលេនេះ សូមបន្តផ្សព្វផ្សាយ និងបង្រៀនវិជ្ជាសង្គ្រោះបឋមនេះ ទៅដល់ មន្ទីរ អង្គការ ស្ថាប័ន សហមគន៍ ឲ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ក្នុងមួយគ្រួសារមានសមាជិកម្នាក់នេះ វិជ្ជាសង្គ្រោះបឋម និងសូមជូនពរដល់សិក្ខាកាមទាំងអស់ មានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់កាលៈទេសៈ ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរជាងមុន និងតម្លាភាព៕