(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានស្នើដល់ក្រុមអ្នករកស៊ី និងឈ្មួញទិញដីធំមួយចំនួន ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ បញ្ឈប់ការអុកឡុក ធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ផ្លូវ និងរៀបចំបណ្តាញលូ របស់សាលារាជធានីភ្នំពេញ ក្នុងតំបន់ជ្រោយចង្វារតទៅទៀត ខណៈដែលអាជ្ញាធរកំពុងពន្លឿន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៅទីនោះឲ្យឆាប់រួចរាល់។
ការលើករបស់អាជ្ញាធររាជធានីភ្នំពេញ យ៉ាងដូច្នេះ ដើម្បីឆ្លើយតប ទៅនឹងព័ត៌មានមួយចំនួន ដែលបានចោទប្រកាន់ថា អាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់រណបជ្រោយចង្វារ បានស្ថាបនាផ្លូវ ធ្វើប៉ះពាល់ដល់ដី និងលំនៅស្ថានរបស់ប្រជាពលរដ្ឋ ហើយមិនព្រមដោះស្រាយជូន។
មន្ត្រីសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា តាមពិតប្រជាពលរដ្ឋក្រីក្រ គឺគ្មានផលប៉ះពាល់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនោះឡើយ គឺមានតែឧកញ៉ា និងអ្នកមានលុយមួយចំនួន ដែលទិញទុកលក់យកចំណេញ បើទោះបីដឹងថា ដីតំបន់នោះត្រូវបានរាជរដ្ឋាភិបាលបង្កកទុក តាំងពីឆ្នាំ១៩៩៤ យ៉ាងណាក្តី។ ក្រុមប្រជាពលរដ្ឋក្រីក្រពិតប្រាកដ គឺពួកគាត់បានទទួលសំណងគោលនយោបាយ រួចរាល់អស់ទៅហើយ នៅសល់តែតិចតូចទៀតប៉ុណ្ណោះ។
មន្ត្រីសាលារាជធានីភ្នំពេញ ដដែលបន្ថែមទៀតថា ជាក់ស្តែងប៉ុន្មានថ្ងៃមកនេះ មានឧកញ៉ាម្នាក់ លោក កៃ ចាន់ ដែលត្រូវគេដឹងថា តែងតែដើរទិញដីនៅ តាមតំបន់ជ្រោយចង្វារ ហើយមានដី៣-៤កន្លែង បានបង្កការងាររាំស្ទះដល់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ហើយដីមួយចំនួនដែលគាត់បានទិញ គាត់បានជួលឲ្យប្រជាពលរដ្ឋធ្វើការតវ៉ា ឬទាមទារ ដើម្បីទទួលបានសំណងច្រើនពីអាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍។
តំណាងក្រុមហ៊ុនអភិឌ្ឍន៍តំបន់ជ្រោយចង្វារ បានបញ្ជាក់ថា លោក កៃ ចាន់ នេះ ធ្លាប់បានទទួលយកគោលការណ៍ ដោះស្រាយជាមួយសាលារាជធានីភ្នំពេញ ក្រុមហ៊ុនម្តងរួចហើយ ដោយទទួលនូវសំណងប្រមាណ៥៨ម៉ឺនដុល្លារ និងផ្ទះចំនួន៣ល្វែងនៅទល់ មុខផ្សាររុងរឿងក្នុងបុរីរុងរឿងថែមទៀត។
តំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថា កន្លងមកអាជ្ញាធរ និងក្រុមហ៊ុន បានអញ្ជើញ លោក កៃ ចាន់ ឲ្យមកដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែគាត់មិនចូលដោះស្រាយ ហើយនៅតែបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍ទៀត។
ជាមួយគ្នានេះ មន្ត្រីសាលារាជធានីភ្នំពេញ បានស្នើដល់ក្រុមអ្នកមានលុយរកស៊ីទិញដី នៅតំបន់ជ្រោយចង្វារ បញ្ឈប់ការរារាំងដល់គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជ្រោយចង្វារ តទៅទៀត បើមិនដូច្នេះទេ អាជ្ញាធរនឹងមានវិធានការណ៍។ ជាមួយគ្នានេះ អាជ្ញាធរស្នើឲ្យអ្នកមានដីតំបន់អភិវឌ្ឍន៍ ចូលរួមដោះស្រាយជាមួយអាជ្ញាធរ និងក្រុមហ៊ុន ដើម្បីឈានដល់ការព្រមព្រៀងរួមគ្នាមួយ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់សូមកុំបារម្ភ ព្រោះអាជ្ញាធរនៅតែបន្ត ដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត ដោយគិតគូរពីផលប្រយោជន៍ របស់បងប្អូនជាធំ។ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ សាលារាជធានីភ្នំពេញ កំពុងតែបន្លឿនឲ្យបានរួចរាល់ ជៀសវាងការលិចលង់ក្នុងរដូវវស្សានេះ៕