(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានតួនាទីថ្មី ជាអភិបាលខេត្តពោធិ៍សាត់នោះរួចមក, លោក ខូយ រីដា ត្រូវបានគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចសម្រួលភារកិច្ច ពីសមាជិក និងពីសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងតែងតាំងដំឡើងឋានៈ ជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវសម្រួល និងផ្ទេរភារកិច្ច ពីប្រធានគណៈចលនាមហាជន និងពីប្រធានគណៈចលនាយុវជន នៃគណបក្សខេត្ត និងពីប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ មកជាសមាជិកគណៈកម្មាធិការគណបក្ស គ.២៧។

ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងសមាជិក សមាជិកាគណៈបក្សជាច្រើនរូបទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឲ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។

សម្តេចបានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឲ្យសោះ។ សម្តេចក៏បានផ្តាំផ្ញើឲ្យជំរុញសមាជិក សមាជិការបស់បក្ស ពិនិត្យ និងចុះបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ៕