(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ជំរុញអាជ្ញាធរស្រុក និងឃុំ ក្នុងស្រុកទាំងគោក ត្រូវធ្វើផែនការដើម្បីដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ។

លោក សុក ហៃ បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នៅស្រុកតាំងគោក ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២។

វេទិកានេះប្រព្រឹត្តទៅក្រោមវត្តមានលោក ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ សមជិកក្រុមប្រឹក្សា អភិបាលរងខេត្តកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងតំណាងប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក ឈុន ឈុន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្តនឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវរួបរួមគ្នាធ្វើការងារឲ្យបានសស្រាក់សស្រាំដើម្បីធ្វើឲ្យយ៉ាងណាផ្ដល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋានជាពិសេសឲ្យពួកគាត់យល់អំពីតម្លៃក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានអភិវឌ្ឍន៍តាមមូលដ្ឋានទាំងអស់ ដូចជាហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខ ភាពនានា ជាពិសេសរាជរដ្ឋាភិបាលបានខិតខំពុះពារគ្រប់ការលំបាកទាំងអស់នៅពេលដែលប្រទេសជាតិជួបនឹងស្ថានភាពស្មុគស្មាញទៀតសោតដូចជាការរីករាលដាលនៃជំងឺកូវីដ១៩រយៈពេលកន្លងមកហើយសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងឲ្យបានទាន់ពេលវេលាដើម្បីចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឲ្យបានគ្រប់គ្នាទាំងអស់។

លោកបន្ដថា ទាំងនេះគឺជាអ្វីដែលក្រុមការងារថ្នាក់ឃុំទាំងអស់ត្រូវតែផ្សព្វផ្សាយឲ្យប្រជាជននៅតាមតំបន់ មូលដ្ឋានទាំងអស់យល់កាន់តែច្បាស់ថាមិនមានថ្នាក់ដឹកនាំណា ដែលហ៊ានចេញមុខ ស្វែងរកថវិកាមូលនិធិ ដើម្បីដោះស្រាយនូវបញ្ហាជាតិទាំងអស់នេះទេ គឺមានតែសម្តេចតែមួយគត់ដែលបានឆ្លងកាត់នូវបទពិសោធន៍ ក្នុងការដឹកនាំប្រទេស ជាតិជាពិសេសគឺតម្លៃនៃសន្តិភាពសម្រាប់ប្រជាជាតិទាំងមូលដែលមិនអាចកាត់ថ្លៃបានឡើយ។

ជាមួយគ្នានោះ លោក សុក ហៃ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ត្រូវតែរួបរួមសាមគ្គីគ្នាសហការគ្នា ដើម្បីជួយដោះស្រាយនូវការលំបាកផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមអគតិមួយចំនួននៅតាមតំបន់មូលដ្ឋានដែលស្ថានភាពនេះធ្វើឲ្យមានការភាន់ច្រឡំដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់អស់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ។

គួរបញ្ជាក់ថា សំណើនិងសំណូមពរចំនួន ១៩ របស់បងប្អូនប្រជាពលរដ្ឋត្រូវបានថ្នាក់ដឹកនាំខេត្តទទួលយកនិងធ្វើការដោះស្រាយក្នុងនោះការថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវ យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ល្បែងស៊ីសង (កន្ទុយលេខ)៕