(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែមិថុនានេះថា ការរៀបចំពិធីសាសនារបស់គណបក្សសង្គ្រោះជាតិ គឺជាសិទ្ធិរបស់បុគ្គល, ប៉ុន្តែបើតាមគំនិតរបស់លោកថា មិនបាច់រៀបចំពិធីសាសនាបន់ស្រន់ដើម្បី ដាស់អារម្មណ៍អ្នកនយោបាយ ឲ្យមកគិតគូរបញ្ហាប្រទេសជាតិនោះទេ សូមគោរពច្បាប់ ហើយកុំប្រព្រឹត្តិអ្វីដែលខុសច្បាប់ទៅ អ្វីៗចប់ហើយ។
មន្រ្តីអ្នកនាំពាក្យគណបក្សប្រជាជនរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបន់ស្រន់ជាសិទ្ធិរបស់គេ, ប៉ុន្តែខ្ញុំសូមផ្តាំទៅគណបក្សសង្គ្រោះជាតិ ឲ្យជឿតាមតែខ្ញុំទៅ មិនបាច់រៀបចំពិធីសាសនា បន់ស្រន់ ដើម្បីដាស់អារម្មណ៍ អ្នកនយោបាយ អ្នកស្នេហាជាតិឲ្យមកបែរមកគិតគូរផលប្រយោជន៍ ប្រទេសជាតិនោះទេ សូមតែគោរពតាមច្បាប់ កុំធ្វើអ្វីដែលខុសច្បាប់ទៅ អ្វីៗចប់ហើយ និងមិនមានបញ្ហាកើតឡើងទៀតទេ»។
ការឆ្លើយតបរបស់លោក សុខ ឥសាន បែបនេះធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលើកឡើងថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រួមជាមួយនឹងប្រជាពលរដ្ឋ នឹងរៀបចំពិធីសាសនាមួយ នៅលើទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។
ពិធីសាសនានេះ គ្រោងរៀបចំធ្វើនៅខាងមុខព្រះអង្គចេក ព្រះអង្គចម និងនៅមុខប្រាសាទអង្គរវត្ត ដើម្បីបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិដែលមាននៅក្នុង ខេត្តសៀមរាប និងនៅក្នុងប្រទេសជួយដាស់អារម្មណ៍ និងសតិរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងអ្នកនយោបាយទាំងអស់នៅកម្ពុជា បែរមកគិតគូរពីបញ្ហាជាតិ៕