(ភ្នំពេញ)៖ ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២ បានរៀបចំ​សិក្ខាសាលាសមាហរណកម្ម​វិនិយោគ ៣ឆ្នាំរំកិល​ (២០២៣-២០២៥)​ របស់រដ្ឋបាលសង្កាត់​ និងខណ្ឌ ក្រោមវត្ដមាន លោក ឃ្លាំង​ ហួត​ អភិបាលរងរាជធានី តំណាងឲ្យ​លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌជ្រោយចង្វារ លោក លឹម សុភា និងលោកប្រធានក្រុមប្រឹក្សាខណ្ឌ ចៅសង្កាត់ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

នៅក្នុងពិធីបើកសិក្ខាសាលាមួយនេះ អភិបាលខណ្ឌជ្រោយចង្វារ បានលើកឡើងថា នៅពេលនេះ មានគម្រោង វិនិយោគជាអាទិភាព ដែលមានការសន្យាគាំទ្រយ៉ាងច្រើន ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា «សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគ អាទិភាព ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌ និងស្នើសុំការគាំទ្រ ពីមន្ទីរអង្គភាព អង្គការដៃ គូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាខ្លះ» ។

លោក លឹម សុភា បានបន្ដទៀតថា អ្នកតំណាងឱ្យស្ថាប័នសង្គមស៊ីវិល និងផ្នែកឯកជន ព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតប ដើម្បីឲ្យក្រុមការងាររបស់លោកធ្វើការបូកសរុបចំនួនគម្រោង ដែលមានការសន្យាគាំទ្រ។

លោកអភិបាលខណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការនេះ គឺជាដំណើរការមួយនៃការអនុវត្ដច្បាប់ ស្ដីពីការ គ្រប់គ្រងរដ្ឋបាល រាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ ដែលក្នុងច្បាប់នោះ បានចែងថា ការបង្កើតរដ្ឋបាល ឯកភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការ ពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួល នូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ ក្នុងដែនដីរបស់ខ្លួន» ។

លោក លឹម សុភា ក៏បានលើកឡើងពី គម្រោង ដែលអនុវត្ដទៅទទួលបានជោគជ័យនៅថ្នាក់សង្កាត់ ដោយមាន ទិន្នន័យពិតប្រាកដ លើចំនួនគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ ។

លោក ឃ្លាំង ហួត ក្នុងនាមគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ តំណាងមន្ទីរ អង្គភាព អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ និងគម្រោងផែនការ អាទិភាពរបស់សង្កាត់ ក្នុងឆ្នាំ២០២៣ ជាបន្តទៀត ដើម្បីឆ្លើយតបបានទៅនឹងសេចក្តីតម្រូវការ របស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តន៍គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែប្រសើរឡើង ។

ជាមួយគ្នានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ពីសិក្ខាសាលាមួយនេះ ដោយលើកឡើងថា និងជួយតម្រង់ទិសរាល់ សកម្មភាពរបស់រដ្ឋបាលខណ្ឌជ្រោយចង្ចារ អោយដំណើរស្របទៅតាមគោលនយោបាយ អភិវឌ្ឍន៍របស់ជាតិ៕