(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងរន្ធត់ក្តុកក្តួលក្នុងចិត្តក្រៃ លែង ចំពោះមរណភាពលោក សាយ ភូថង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអតីត អនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ)។
ក្នុងសារលិខិតចូលរួមរំលែកទុក្ខផ្ញើជូនក្រុមគ្រួសារសព ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងថា មរណភាពរបស់លោក សាយ ភូថង គឺជា ការបាត់បង់នូវស្ថាបនិក ដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា និងជាឥស្សរជនដឹកនាំ ដ៏ឆ្នើមមួយរូប ដែលបានលះបង់ និង ធ្វើពលិកម្មគ្រប់ បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ជាពិសេសក្នុងការចូលរួមរំដោះប្រទេសជាតិពីរបបខ្មែរក្រហម។
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បន្តថា គំរូវីរភាពដ៏ល្អប្រពៃរបស់លោក សាយ ភូថង បានស្ថិតជានិច្ចក្នុងមនសិការបស់ប្រជាជនកម្ពុជា ហើយ រូបកាយរបស់លោក បានបាត់បង់ពិតមែន តែកិត្តិយស គុណបំណាច់ កេរ្តិ៍ឈ្មោះ ស្នាដៃ និងឧត្តមគតិនៅតែដក់ជាប់ក្នុងក្រអៅបេះដូង។
សូមបញ្ជាក់ថា លោក សាយ ភូថង បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធ៕