(ភ្នំពេញ)៖ សមាជិកអន្តរសភាអាយប៉ា បានជួបសន្ទនាជាមួយសមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងកូរ៉េខាងត្បូង លើផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាដែនសមុទ្រ បញ្ហាសន្តិសុខតាមប្រព័ន្ធអ៉ីនធឺណេត និងបញ្ហាផ្សេងៗ មួយចំនួនទៀត។

ជំនួបពិភាក្សានេះ ដឹកនាំដោយលោក ខៀវ ភារិទ្ធ លេខាធិការគណៈកម្មការអប់រំ យុវជន ធម្មការ កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ជាប្រធានដឹកនាំកិច្ចសន្ទនាជាមួយសភាកូរ៉េខាងត្បូង លើប្រធានបទ៖ «ការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩» នៅសណ្ឋាគារសុខាភ្នំពេញ។

សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន លោក Younggi JEON តំណាងសភាកូរ៉េខាងត្បូង ព្រមទាំងគណៈប្រតិភូសមាជិកសភាមកពីប្រទេសព្រុយណេដារូសាឡាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា។

ថ្លែងក្នុងការដឹកនាំកិច្ចពិភាក្សា លោក ខៀវ ភារិទ្ធ បានគូសបញ្ជាក់អំពីភាពសំខាន់នៃប្រធានបទ និងកិច្ចពិភាក្សាក្នុងថ្ងៃនេះ ដែលអនុញ្ញាតឱ្យសមាជិកសភាមកពីប្រទេសសមាជិក AIPA និងសភាកូរ៉េខាងត្បូង បានបញ្ជាក់សារថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្នាតាមរយៈការថ្លែងសាររបស់ប្រទេសនីមួយៗទាក់ទងនឹងចំណងជាមួយប្រទេសកូរ៉េខាងត្បូង។

លោក ខៀវ ភារិទ្ធ ប្រធានដឹកនាំកិច្ចសន្ទនាជាមួយសភាកូរ៉េខាងត្បូង បានស្នើសមាជិកពាក់ព័ន្ធនៃកិច្ចសន្ទនាផ្តោតលើបញ្ហាបំរែបំរួលអាកាសធាតុជាសំខាន់ ដោយសារបញ្ហានេះជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់តំបន់ ក៏ដូចជាសកល៕