(បន្ទាយមានជ័យ)៖ គណៈអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំង ផែនទី១ យោធភូមិភាគទី៥ ដែលមានកងពលតូចថ្មើរជើងលេខ៥១, ៥២ និង៥៣ បើកប្រជុំបូកសរុបវាយតម្លៃ លទ្ធផលការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនៅថ្ងៃតី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរងយោធភូមិភាគទី៥ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង យោធភូមិភាគទី៥។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ កែវ ចំរើន បានបញ្ជាក់ថា ការប្រជុំបូកសរុបវាយតម្លៃនាថ្ងៃនេះ គឺបង្ហាញនូវលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សាមីអង្គភាព ប្រកបដោយការសាមគ្គីភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ រយៈពេលមួយឆ្នាំកន្លងមក។ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងការបំពេញកិច្ចការងារបម្រើជាតិ មាតុភូមិ។

សូមបញ្ជាក់ថា សកម្មភាពចលនាការងារប្រឡងប្រណាំងរបស់យោធភូមិភាគទី៥ បានអនុវត្តជាប់ជាប្រចាំ ផ្អែកតាមផែនការប្រឡងប្រណាំងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ៕