(ភ្នំពេញ)៖ យ៉ាងហោចណាស់មានអ្នករស់រានមានជីវិតជាង ៤០០០នាក់ ពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាន ទទួលបានជីវិតល្អប្រសើរឡើងវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(NCCT) នៅព្រឹកថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសិក្ខាសាលាស្តីពីការចែករំលែកពីអ្នករស់រាន មានជីវិត ដើម្បីចែករំលែកស្តីពីលទ្ទផលវាយតម្លៃពីប្រសិទ្ធិភាពគម្រោង «ការផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយជួយដល់អ្នករស់រានមានជីវិត ដោយសារការជួញដូរ កេងប្រវ័ញ្ច និងអំពើរំលោភបំពាននានា» ដែលដឹកនាំដោយក្រុមអ្នកទទួលផលពីគម្រោង រៀបចំដោយអង្គការហាការកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ដែលចែកចាយក្នុងកម្មវិធី ដែលរៀបចំឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា បានបញ្ជាក់យ៉ាងដូច្នេះថា «មានអ្នករស់រានមានជីវិតច្រើនជាង ៤០០០នាក់ ពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាន ដែល អង្គការហាការបានគាំទ្រ ហើយករណីត្រូវបានបិទប្រហែលពី៥ឆ្នាំទៅ១០ឆ្នាំ បន្ទាប់ពីរបាយការណ៍បង្ហាញថាពួកគេជាសះស្បើយទាំងស្រុង និងអាចរស់នៅដោយឯករាជ្យបាន។ ដើម្បីតាមដាននូវអ្វីដែលបានកើតឡើងចំពោះជីវិត របស់ពួកគេ បន្ទាប់ពីទទួលបានការគាំទ្រពីអង្គការហាការ ការវាយតម្លៃនូវលទ្ធផលនៃ សេវាកម្មជួយអ្នករស់រានមានជីវិតពីការរងគ្រោះ គឺចាំបាច់ណាស់ ហើយក៏ដើម្បីកំណត់នូវបញ្ហាប្រឈម ការអនុវត្តល្អ និងមេរៀនដែលបានរៀនពីការវាយតម្លៃនេះផងដែរ»

ក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា អំពើជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាននៅប្រទេសណាក៏មានដែរ។ លោកស្រី ជំរុញដល់អ្នករស់រានមានជីវិត ពីបញ្ហាអាក្រក់នេះ ប្រឹងប្រែងរស់ជាថ្មី និងកសាងជីវិតកុំឲ្យធ្លាក់ក្នុងអំពើបែបនេះទៀត។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តេជ្ញាសហការជាមួយ ដៃគូរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ លុបបំបាត់រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច។

សូមជម្រាបថា គោលដៅរបស់អង្គការហាការ គឺសម្រាប់អ្នករស់រានមានជីវិត ដើម្បីក្លាយជាជើងឯកសម្រាប់ការផ្លាស់ប្តូរក្នុងជីវិតរបស់ពួកគេ និងនៅក្នុងសហគមន៍។ ជាមួយនឹងបទពិសោធន៍ ២៨ឆ្នាំ ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា អង្គការហាការ ធ្វើការដោយផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីការរងគ្រោះនៃការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាន និងជនងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ តាមរយៈការងារសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ម្ចាស់ជំនួយ និងវិស័យឯកជន។

ហាការ ធានាថាពួកគេមានកន្លែងរស់នៅប្រកបដោយសុវត្ថិភាព និងគ្រួសារធម៌ដែលមានសេចក្តីស្រលាញ់ ដើម្បីថែទាំពួកគេនៅក្នុងសហគមន៍។ ហាការ ផ្តល់ឱ្យពួកគេនូវការប្រឹក្សាពីការប៉ះទង្គិចផ្លូវចិត្ត ការថែទាំវេជ្ជសាស្រ្ត និងដំបូន្មានផ្នែកច្បាប់ ដើម្បីជួយពួកគេឱ្យយល់អំពីសិទ្ធិរបស់ពួកគេ និងស្វែងរកយុត្តិធម៌។ ពួកគេមានឱកាសទៅសាលារៀន រៀនជំនាញវិជ្ជាជីវៈ ឬទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ។ បន្ទាប់មក ជួយគាំពារពួកគេឱ្យទទួលបានការងារធ្វើ ដែលពួកគេអាចរស់នៅដោយឯករាជ្យបាន។ ហាការ នឹងបិទករណីរបស់ពួកគេ បន្ទាប់ពីទទួលរបាយការណ៍បង្ហាញថា ពួកគេបានជាសះ ស្បើយទាំងស្រុង។

«ការងារ និងសមិទ្ធិផលរបស់យើងនឹងមិនកើតឡើងទេ ប្រសិនបើគ្មានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៉ីវិល ម្ចាស់ជំនួយ និងវិស័យឯកជននោះទេ។ យើងបានរួមគ្នាជួយជីវិតជនងាយរងគ្រោះ និងអ្នករស់រានមានជីវិតជាច្រើននាក់ ដែលបាត់បង់ក្តីសង្ឃឹម ទំនុកចិត្ត និងគុណតម្លៃជីវិត ទៅកាន់ជីវិតថ្មីដែលពោរពេញដោយក្តីសង្ឃឹម និងសុភមង្គល ក៏ដូចជាការរួមចំណែកដល់សង្គម និងជួយជនងាយរងគ្រោះ និងអ្នករស់រានមានជីវិតជនពីការរងគ្រោះផ្សេងទៀតពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពានផ្សេងៗ»។ នេះបើតាមការថ្លែងរបស់ លោកស្រី កែវ គៀង នាយិកាប្រតិបត្តិ អង្គការហាការកម្ពុជា៕