(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បានសហការស្រាវជ្រាវក្រោយពីមានជនរងគ្រោះបានដាក់ពាក្យបណ្ដឹងករណីប្លន់បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវ៤៣០ ក្រុម១៥ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ។

លោក ផន អូន អធិការរងខណ្ឌចំការមន បានប្រាប់ថា ជនសង្ស័យបង្រាបបានរួមមាន៖

*ទី១៖ ឈ្មោះ សួស ពិសី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន មុខរបរចុងភៅ។
*ទី២៖ ឈ្មោះ ម៉ៅ រិទ្ធី ហៅហេង អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មុខរបរបុគ្គលិកណេត។
*ទី៣៖ ឈ្មោះ ឯម សាន ហៅ យីវ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១៣សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មុខរបររើសអេតចាយ។
*ទី៤៖ ឈ្មោះ វង់ វ៉ាន់ថន ហៅ វ៉ាន់ អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវមុន្នីរ៉េត ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មុខរបរគ្មាន។
*ទី៥៖ ឈ្មោះ ផន ចន្ទ្រា ហៅ បូស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ មុខរបរគ្មាន។

ជនរងគ្រោះឈ្មោះ ម៉េង សុខហេង អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

សំភារៈបាត់បង់ ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិច ពណ៌ទឹកមាស សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HE-2539។

បើតាមសមត្ថកិច្ច នៅវេលាម៉ោង ០១៖៥០នាទីរំ លងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ម៉េង សុខហេង ជិះម៉ូតូឌុបមិត្តភក្តិ០២នាក់ទៀត រួមនិងមិត្តភក្កិចំនួន០៨នាក់ទៀត ជិះម៉ូតូចំនួន០៥គ្រឿង ជិះម៉ូតូចេញពីម្តុំផ្សារប៉េសេ គោលបំណងត្រឡប់ទៅផ្ទះនៅម្តុំស្ទឹងមានជ័យ ពេលនាំគ្នាជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យឈ្មោះ សួស ពិសី ជិះម៉ូតូម៉ាកធូដេ ០១គ្រឿងឌុបឈ្មោះ ម៉ៅ រិទ្ធី មកកាក់ពីមុខជនរងគ្រោះ រួចចុះមកវាយលើជនរងគ្រោះ ហើយបក្ខពួកជនសង្ស័យចំនួន០៧នាក់ទៀតជិះម៉ូតូ០២គ្រឿង ម៉ាកសេ១២៥ និងម៉ាកស្កុបពី ចុះមកព្រួតគ្នាវាយទៅលើជនរងគ្រោះ និងមិត្តភក្កិ ពេលនោះជនរងគ្រោះ បានប្តួលម៉ូតូរួចនាំគ្នារត់គេចខ្លួន។

ពេលនោះជនសង្ស័យបានលើកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។ បន្ទាប់មកជនសង្ស័យឈ្មោះ ម៉ៅ រិទ្ធី ហៅ ហេង បានយកម៉ូតូជនរងគ្រោះម៉ាកខាងលើ ទៅលក់ឲ្យឈ្មោះ ផន ចន្ទ្រា ហៅបូស បាន ២៣០ដុល្លាររួចគេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទីសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សួស ពិសី នៅចំណុចស្ថាននីយ៍កាល់តិច ផ្លូវ២៧១ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅម៉ោង ១៨៖៤០នាទី សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបានឈ្មោះ ម៉ៅ រិទ្ធី បានម្នាក់ទៀតនៅចំណុចផ្ទះជួល ផ្លូវ លំ ភូមិទ្រា សង្កាតស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លុះដល់ម៉ោង ១៩៖៥០នាទីសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឯន សាន ជាអ្នកផ្សំគំនិតយកម៉ូតូជនគ្រោះទៅលក់ ឃាត់ខ្លួននៅចំណុចមុខផ្ទះសំណាក់ សប្បាយ ផ្លូវសឡា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអធិការរងបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១១៖១០នាទី សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួន ឈ្មោះ វង់ វ៉ាន់ថន ហៅ វ៉ាន់ ជាអ្នកផ្សំគំនិតយកម៉ូតូ ជនរងគ្រោះ ទៅលក់ឲ្យឈ្មោះ ផន ចន្ទ្រា ឃាត់នៅចំណុចមុខផ្ទះលេខ២៤៥ ផ្លូវមុន្នីរ៉េត ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមកដល់ម៉ោង ១២៖២០នាទីថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យឈ្មោះ ផន ចន្ទ្រា ហៅ បូស ជាអ្នកទទួលទិញម៉ូតូជនរងគ្រោះ ឃាត់នៅមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនីតិវិធី៕