(ស្វាយរៀង)៖ ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅព្រឹកថ្ងៃតី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន នៅស្រុកចន្ទ្រា។ វេទិកានេះធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពីព្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះ រួមមាន៖ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋាន, ការផ្ដល់សេវាសាធារណៈ, ការធ្វើអត្តសញ្ញាណប័ណ្ណ, ការចុះសំបុត្រអត្រានុកូលដ្ឋាន, ការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ, អគ្គិសនី និងការបោះបង់ការសិក្សារបស់សិស្សជាដើម។

លោក អ៊ុយ ថន បានលើកឡើងថា អង្គវេទិកានាថ្ងៃនេះពិតជាបានបង្ហាញឲ្យឃើញ ពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នាឱកាសនោះលោក ហែម ពិសិដ្ឋ ក៏បានគូសបញ្ជាក់ថា បញ្ហាប្រឈមរបស់រដ្ឋបាលខេត្តនាពេលកន្លងមក រួមមាន គ្រោះមហន្តរាយធម្មជាតិ ដូចជាការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ បានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែកើតមាន។

លោកបន្ដថា គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមាន ដោយសារអ្នកបើកបរខ្វះការយោគយល់គ្នា ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាព្រសវឹង។ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅតែកើតមានក៏ដូចជាការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជន និងនៅតាមរោងចក្រ សហគ្រាសអនុវត្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការចូលរួមនៅមានកម្រិត។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា អ្វីដែលជាបញ្ហាប្រឈមមួយទៀតនោះ គឺនៅតាមក្រុង/ស្រុកមួយចំនួន មិនទាន់មានទីលានចាក់សំរាមឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងមិនទាន់មានក្រុមហ៊ុនប្រមូលសំរាមថែមទៀតផង៕