(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន J&C បានបើកវគ្គបណ្តុះបណ្តាលអាជីវករលក់ឱសថ និងឱសថការី ទទួលខុសត្រូវឱសថ ដើម្បីអនុវត្តល្អ ក្នុងឱសថស្ថាន ដែលមានចូលរួមពីសិក្ខាកាមមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តុមួយចំនួន ក្រោមវត្តមានធ្វើបទបង្ហាញណែនាំពីលោក ឃ្លាំង សា ម៉េត មន្រ្តីក្នុងក្រសួងសុខាភិបាលផ្នែកឱសថ និងលោកព្រំ តារា អគ្គនាយកក្រុមហ៊ុន J&C ។
លោកព្រំ តារា ជាអគ្គនាយកក្រុមហ៊ុន J&C បានមានប្រសាសន៍ថា J&C ជាក្រុមហ៊ុនដែលផ្តោតលើអាជីវកម្មឱសថសម្រាប់សុខភាព និងជីកសិកម្មធម្មជាតិ មកដល់ពេលនេះមានបានដំណើរការ៥ឆ្នាំហើយ និងបានពង្រីក៧សាខានៅលើទីផ្សារកម្ពុជា។ លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ និងជួយជំរុញឲ្យតួនាទីរបស់ឱសថការីមានតួនាទីយល់ច្បាស់អំពីគុណ ភាពឱសថ និងឱសថក្លែងក្លាយដែលអាចប៉ះពាល់ដល់សុខភាពប្រជាជន។
លោក ឃ្លាំង សាម៉េត ប្រធានការិយាល័យនិយ័តកម្មឱសថនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃមានឱសថ ជាង ១ម៉ឺនមុខ ដែលបានចុះបញ្ជីនៅក្រសួងសុខាភិបាល ដើម្បីធ្វើចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា។ កម្ពុជាមានរោងចក្រផលិតឱសថ អាហារបំប៉ន និងឱសថបុរាណ១៦កន្លែង និងមានឱសថស្ថានសរុបចំនួន ២ពាន់កន្លែង ធៀបនិង១០ឆ្នាំមុនខុសគ្នាច្រើន ដែលពីមុនមានឱសថសា្ថន៣ពាន់កន្លែងអត់ច្បាប់ និង១ពាន់កន្លែងមានច្បាប់។
លោកបន្តថា ក្រុមហ៊ុននាំចូលឱសថចរាចរណ៍នៅកម្ពុជា ភាគច្រើនគឺនាំចូលពីប្រទេសឥណ្ឌា និងមួយចំនួនទៀត នាំចូលពីប្រទេសបារាំង ហ្វីលីពីន ថៃ វៀតណាម និងកូរ៉េជាដើមហើយឱសថទាំងនោះភាគច្រើនមានច្បាប់ត្រឹមត្រូវ។
ក្នុង១ឆ្នាំៗ កម្ពុជា បាននាំចូលផលិតផលឱសថពីក្រៅប្រទេសយ៉ាងច្រើន ដើម្បីបំពេញតំរូវការក្នុងស្រុក ខណៈដែលកម្ពុជាខ្លួនឯង ផលិតឱសថនៅមានកំរិតតិចតួចប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុង១ឆ្នាំៗប្រទេសកម្ពុជាទាំងមូលចំណាយលើការនាំចូលឱសថនិងបរិក្ខាពេទ្យក្នុងទឹកប្រាក់រង្វង់២០០លានដុល្លារ។