(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ការប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ដែលទើបប្រកាសលទ្ធផលនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ សុចរិតភាព សុក្រឹតភាព និងជំនឿទុកចិត្ត ដោយពុំមានភាពលម្អៀង។

ការចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីមានមតិមួយចំនួនតូច បានលើកឡើងពីភាពមិនប្រក្រតីនៃការប្រឡង។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្រសួងសុខាភិបាល បានទទួលក្របខណ្ឌ ជាអាទិភាពសម្រាប់ ជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ ក្នុងក្របខណ្ឌសុខាភិបាលឆ្នាំ២០២២ ដើម្បីជំរុញ និងលើកកម្ពស់ ការផ្ដល់សេវាសុខភាពសាធារណៈ ឲ្យកាន់តែប្រសើរឡើង។

ការប្រឡងប្រជែង ចូលក្របខណ្ឌសុខាភិបាលឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ សុចរិតភាព សុក្រឹតភាព និងជំនឿទុកចិត្ត ដោយពុំមានភាពលម្អៀង ដូចការយល់ច្រឡំរបស់មតិមួយចំនួនតូចនោះទេ ដោយហេតុថា ការប្រឡងប្រជែងនេះ គឺមានការបង្កើតគណៈកម្មការ និងអនុគណៈកម្មការជាច្រើន ដែលមានការចូលរួមពី ក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពី អង្គភាពប្រឆាំងអំពើពុករលួយ តាំងពីចាប់ផ្តើមដំបូងនៃដំណើរការប្រឡង។

គ្រប់គណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួង សុទ្ធតែបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងហ្មត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គន្លងច្បាប់ និងនីតិវិធីត្រឹមត្រូវ បម្រើបានថែមទៀតនូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា។

ក្នុងកិច្ចដំណើរការនៃការប្រឡងប្រជែងនេះ ត្រូវបានរៀបចំឡើងដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ជាជំនួយដោយបាន កែប្រែពីការធ្វើកំណែវិញ្ញាសាដោយដៃ មកជាកំណែវិញ្ញាសាដោយកម្មវិធីកុំព្យូរទ័រ ធ្វើឱ្យការចេញលទ្ធផល បានឆាប់រហ័ស។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏ សូមអបអរសាទរ និងស្វាគមន៍បេក្ខជន ដែលត្រូវបានជ្រើសរើស ចូលក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ និងសូមលើកទឹកចិត្ត ចំពោះបេក្ខជនដែលពុំបានប្រឡងជាប់ សូមឲ្យមានការតាំងចិត្តខិតខំប្រឹងប្រែងជាបន្តទៀត សម្រាប់ឱកាសការប្រឡងប្រជែងលើកក្រោយ ព្រោះការដែលមិនត្រូវបានជ្រើសរើសនេះ មិនមែនបញ្ជាក់ថា បេក្ខជនមិនមានសមត្ថភាពនោះទេ តែនេះជាការប្រឡងប្រជែងជ្រើសរើស អ្នកដែលមានសមត្ថភាពខ្ពស់ជាង តាមចំនួនកំណត់ប៉ុណ្ណោះ (ដូចសាធារណមតិលើកឡើងថា «អ្នកចេះជាងជាប់ៗ») មិនមែនជាការប្រឡងយកពិន្ទុមធ្យមភាគនោះទ។

ឆ្លៀតឱកាសនេះ ក្រសួងសុខាភិបាល ក៏សូមថ្លែងអំណរគុណជាអនេក និងសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ក៏ដូចជាក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំង អំពើពុករលួយ ព្រមទាំងស្ថាប័ន/ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញការងារយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពុំខ្លាចនឿយហត់ធ្វើឲ្យដំណើរការ នៃការប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាលឆ្នាំ២០២២ ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ៕