(រតនគិរី)៖ ក្រុមប្រឹក្សាខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកអូរយ៉ាដាវ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លន់ សុភាព អភិបាលរងខេត្ត។

ថ្លែងក្នុងឱកាសនោះ លោក សុខ ហម បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំវេទិកាផ្សព្វផ្សយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីបង្កើតវប្បធម៌ពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យ តាមរយៈការផ្តល់ព័ត៌មានអំពីសមិទ្ធផល និងបញ្ហាប្រឈម អនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប ទៅកាន់ប្រជាពលរដ្ឋនូវតម្រូវការនានានៅមូលដ្ឋានទាំង ប្រសិទ្ធភាពសេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ក្រោយពីបានពិភាក្សាយ៉ាងផុសផុល ជាលទ្ធផលបានរកឃើញនូវបញ្ហាប្រឈមជាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមក្រុង ស្រុក និងឃុំ សង្កាត់ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្កការសង្គមស៊ីវិល លើការអភិវឌ្ឍក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕