(ភ្នំពេញ)៖ ក្រោយពីអង្គភាពព័ត៌មានFresh News ចុះផ្សាយករណីរោងចក្រផលិតទឹកកក១កន្លែង ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហូរទឹកកាត់លើដងផ្លូវ បណ្តាលឲ្យផ្លូវ១ខ្សែរងការខូចខាតមិនអាចធ្វើដំណើរបាន ថែមទាំងដាក់រថយន្តបិទផ្លូវជិតប៉ះពាល់ដល់ បរិស្ថាន និងសុខភាពពលរដ្ឋទៀតនោះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះមកពិនិត្យ និងបិទទីតាំងរោងចក្រនោះតែម្តង។

ចំណាត់ការនេះ បានធ្វើឡើងក្រោយការណែនាំពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងដឹកនាំក្រុមការងារចុះអនុវត្តន៍ផ្ទាល់ដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ព្រមទាំងលោក ធុយ សាវុធ ប្រធានការិយាល័យបរិស្ថានខណ្ឌ និងមន្ត្រីក្រុមការងារជាច្រើននាក់ទៀតផងដែរ។

តាមសេចក្តីរាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន ក៏បានបង្ហើបឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈន កាង បានឲ្យលុយទៅលោក កង វង ចៅសង្កាត់ចោមចៅ១ចំនួន១០០០ដុល្លារផងដែរ នៅក្នុងកំឡុងខែសីហា ឆ្នាំ២០២២ ដើម្បីជួយសម្រួលរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីសិប្បកម្មទឹកកក ប៉ុន្តែផ្ទុយទៅលោកចៅសង្កាត់មិនបានធ្វើនោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ បានត្អូញត្អែរថា រោងចក្រផលិតទឹកកកខាងលើ បានបង្កសម្លេងរំខានដល់អ្នកភូមិអស់រយៈពេលជាច្រើនឆ្នាំមកហើយ បង្ហូរទឺកចេញពីរោងចក្រកាត់ផ្លូវដងផ្លូវបណ្តាលឲ្យក្លាយជាភក់ជ្រាំ ជង្ហុគធំៗមិនអាចធ្វើចរាចរណ៍បាននោះឡើយ។

រោងចក្រផលិតទឹកកកមួយនេះ បានដំណើរការពុំត្រូវតាមស្តង់ដារបទដ្ឋានបច្ចេកទេសឡើយ ថែមទាំងបានយកផ្លូវសាធារណៈមកធ្វើជាកន្លែងចំណតរថយន្តផ្ទាល់ខ្លួន មិនអាចធ្វើដំណើរបានឡើយ ចំណែកសម្លេងម៉ាស៊ីនលាន់ឮខ្លាំង ថ្លង់ត្រចៀករាល់ថ្ងៃ។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ទឹកកខ្វក់ចេញពីរោងចក្រផលិតទឹកកកនោះ ហូរពាសវាលពាសកាលបង្កឲ្យប៉ះពាល់ដល់ បរិស្ថាន អនាម័យ សោភ័ណភាព និងសុខភាពការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំងថែមទៀតផង។ ពាក់ព័ន្ធករណីខាងលើនេះ ពលរដ្ឋមិនដែលឃើញអាជ្ញាធរមូលដ្ឋានដូចជាភូមិសង្កាត់ខណ្ឌ ចុះមកពិនិត្យមកណាឡើយ៕