(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) បានសហការជាមួយក្រុមហ៊ុន TEDP រៀបចំសិក្ខាសាលាស្តីអំពី “ឥទ្ធិពលភាពជាអ្នកដឹកនាំដោយប្រើ D.I.S.C” ដែលមានការអញ្ជើញចូលរួមពីលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកស្រី យូ បូរី គ្រូបណ្តុះបណ្តាល និងស្ថាបនិក TEDP ព្រមទាំងនាយកព័ត៌មាន, និពន្ធនាយក, និពន្ធនាយករង, ប្រធានព័ត៌មាន, អ្នកសារព័ត៌មាន, មកពីស្ថាប័នផ្សេងៗជាង៣០ស្ថាប័ន។

សិក្ខាសាលាខាងលើនេះមានគោលបំណងចូលរួមចំណែកលើកកម្ពស់សមត្ថិភាព ប្រសិទ្ធភាពក្នុងការដឹកនាំ ជាពិសេសការអភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលដែលប្រកបដោយឥទ្ធិពល និងបង្កើនទំនាក់ទំនងឲ្យមានប្រសិទ្ធភាពក្នុងអាជីព ការដឹកនាំ និងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស។

សិក្ខាសាលានេះ ក៏នឹងជួយអ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមអំពីភាពចាំបាច់ដែលត្រូវធ្វើការឲ្យមានភាពស៊ីសង្វាក់គ្នា និងមានភាពល្អប្រសើរជាមួយមនុស្សគ្រប់ប្រភេទ និងគ្រប់ស្រទាប់ ខណៈដែលអ្នកសារព័ត៌មានត្រូវធ្វើបទសម្ភាសន៍ ជាមួយថ្នាក់ដឹកនាំក៏ដូចជាសាធារណជនទូទៅ។

តាមការធ្វើបទបង្ហាញពីអ្នកគ្រូ យូ បូរី បានលើកឡើងថា ប្រព័ន្ធសិក្សាអាកប្បកិរិយារបស់មនុស្សតាម D.I.S.C ត្រូវបានប្រើប្រាស់ជាសកលក្នុងការបង្កើនទំនាក់ទំនងឲ្យមានប្រសិទ្ធភាពក្នុងអាជីព បង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ ជាពិសេសសម្រាប់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាបុគ្គលដែលប្រកបដោយភាពមានឥទ្ធិពល ៕