(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគចំនួន ២០ម៉ឺន ដុល្លារអាមេរិក ពីមូលនិធិព្រីនស៍ ដើម្បីជួយដល់កម្ពុជាកម្ពុជា។

ការទទួលថវិកាបរិច្ចាគនេះ បានធ្វើឡើង ក្នុងជំនួបរវាងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយលោក Cliff Koh ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក នៃ ព្រីន ហូលឌីង គ្រុប ក្នុងឱកាសដែលលោកបានដឹកនាំសហការីនាំថវិកាសប្បុរសធម៌ចំនួន ២០០ ០០០ ដុល្លារអាមេរិក របស់មូលនិធិព្រីនស៍ មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកានេះ។

ក្នុងឱកាសនោះ លោក រស់ សីលវ៉ា បានលើកឡើងថា ការបន្តគាំទ្រពីសំណាក់សប្បុរសជននានាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា តាមរយៈការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

លោក Cliff Koh បានលើកឡើងថា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ ព្រីន ហូលឌីង គ្រុប និង មូលនិធិព្រីនស៍ រីករាយយ៉ាងខ្លាំងដែលទទួលបានឱកាសក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យមួយតែងតែជួយសង្គ្រោះជីវិតកុមារជាច្រើន និងធ្វើឱ្យពួកគេទទួលបានភាពញញឹមជាថ្មី ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញ នៅក្នុងឆ្នាំ១៩៩២។

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌នេះ ។

សូមជម្រាបថា នេះជាលើកទី៤ហើយ ដែលព្រីន ហូលឌីង គ្រុប តាមរយៈមូលនិធិព្រីនស៍ បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាមួយគន្ធបុប្ផាចាប់តាំងពីឆ្នាំ២០១៥មក ដែលបានឧបត្ថម្ភសរុបជាសាច់ប្រាក់ជិត ១លានដុល្លារអាមេរិក ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា៕