(កណ្ដាល)៖ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា ព្រះចៅអធិការវត្តព្រះឥន្ធសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំម្កាក់ ស្រុកអង្គស្នួល នឹងរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នៅវេលាម៉ោង៨កន្លះព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២២ខាងមុខនេះ ដោយរៀបចំតែមួយព្រឹកទេ ហើយសូមអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មេត្តាមកចូលរួមពិធីបុណ្យដើម្បីរួមបច្ច័យកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ទីតាំងទី២ ដែលមានកម្ពស់៧ជាន់ មានជាង១ម៉ឺនម៉ែត្រការ៉េ ក្នុងរង្វង់តម្លៃ៤លាន៧សែនដុល្លារ ដែលអាចផ្ទុកនិស្សិតបាន១ម៉ឺននាក់។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា ព្រះចៅអធិការវត្តព្រះឥន្ធសាមគ្គីធម៌ និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានសង្ឃដីកាថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទីតាំងទី២ កំពុងខ្វះខាតថវិការសំរាប់ការសាងសង់ ពោលគឺទើបបុកគ្រឹះបានប្រមាណជា៨០%ប៉ុណ្ណោះ ប៉ុន្តែថវិកាត្រូវបានចំណាយអស់ហើយ ដូច្នេះសម្ដេចសង្ឃសុំបិណ្ឌបាតបន្ថែម ដោយគ្រោងនឹងធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ វេលាម៉ោង ៨ព្រឹក ដោយមានសង្ឃឹមយ៉ាងមុតមាំថា ពុទ្ធបរិស័ទគ្រប់ទិសទី នឹងចូលរួមបច្ច័យជួយសាងសង់អគារកម្ពស់៧ជាន់នេះ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានមានសង្ឃដីកាបន្ថែមថា ចំពោះថង់ប្រាក់វិញសូមបងប្អូនប្រជាពលរដ្ឋចំណាយបច្ច័យរៀងៗខ្លួនតែ ៥០០រៀលក្ដី ១ពាន់រៀលក្ដីក្នុងមួយថ្ងៃ ដែលអាចបរិច្ចាគជារៀងរាល់ថ្ងៃបាន ដើម្បីជួយទ្រទ្រង់សម្រាប់ការសាងសង់អគារសាកលវិទ្យាល័យនេះឱ្យមានដំណើរការទៅមុខ។

សូមជម្រាបថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងសាស្ត្រាចារ្យជំនាញឯកទេសជាង១០០នាក់ ដែលសុទ្ធសឹងតែជាសាស្ត្រាចារ្យកម្រិតបណ្ឌិតមានបទពិសោធន៍ចាប់ពី ២០ឆ្នាំទៅ ៣០ឆ្នាំ ពោរពេញទៅដោយបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតឧត្តមសិក្សាជាមួយនឹងការប្ដេជ្ញាចិត្តអស់ពីកម្លាំងកាយពល ដាក់ចិត្តក្នុងការបណ្ដុះបណ្ដាលកូនខ្មែរ ឲ្យក្លាយទៅជាធនធានមនុស្សដែលមានកម្រិតខ្លាំង។

សាកលវិទ្យាល័យមានសាស្ត្រាចារ្យជំនាញៗ ដែលមានបទពិសោធន៍បង្រៀនចាប់ពី ២០ ឆ្នាំទៅ ៣០ឆ្នាំសុទ្ធសឹងតែជាសាស្ត្រាចារ្យដែលមានកម្រិតសិក្សាថ្នាក់បណ្ឌិតសុទ្ធតែជាបញ្ញវ័ន្ត សុទ្ធតែជាអ្នកប្រាជ្ញបានចូលមកជាគ្រូបង្រៀន នៅសាកលវិទ្យាល័យនេះ ជាមួយនឹងការរៀបចំបទដ្ឋានបច្ចេកទេសដោយក្រសួងអប់រំផ្ទាល់តែម្ដង ដូច្នេះការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យមានបទពិសោធន៍ឆ្អិនឆ្អៅ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានសង្ឃដីកាបន្តថា សូមសិស្សនិស្សិតដែលមានបំណងចង់មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាអញ្ជើញរួសរាន់មកទទួលពាក្យ ដើម្បីទទួលបានឱកាសក្នុងការសិក្សាដែលឥតគិតថ្លៃពោល គឺសាកលវិទ្យាល័យទទួលសិស្សមានកម្រិតត្រឹម១ពាន់នាក់ប៉ុណ្ណោះ ខណៈដែលការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងខិតជិតមកដល់នេះ ដូច្នេះសាកលវិទ្យាល័យរំពឹងទុកថា នឹងមានសិស្សនិស្សិតមកចុះឈ្មោះយ៉ាងច្រើនកុះករ ព្រោះការសិក្សាគឺមិនគិតថ្លៃនោះទេ គ្រាន់តែបរិច្ចាកជាវិភាគទាន៤ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែកម្រិតនៃការបណ្ដុះបណ្ដាលគឺស្របតាមស្តង់ដារជាតិ ដែលមានសាស្ត្រាចារ្យពោរពេញទៅដោយបទពិសោធន៍ បានដាក់ចិត្តដាក់កាយក្នុងការ បណ្ដុះបណ្ដាលបង្រៀនអស់ពីចិត្ត ហើយក៏ជាប្រវត្តិសាស្ត្រមួយផងដែរ ដែលសាកលវិទ្យាល័យដែលត្រូវឡើងដោយគណៈសង្ឃបានលេចចេញជារូបរាងឡើងបែបនេះ «ក្រោមម្លប់សន្តិភាព» ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

សូមជម្រាបជូនថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបូរគ្រីនិងបើកបវេសនកាលនៅពាក់កណ្ដាលឬចុងខែមករាឆ្នាំ ២០២៣ ខាងមុខនេះ ជាមួយនឹងការចូលសិក្សាដោយឥតគិតថ្លៃខណៈដែលសិស្សនិស្សិតទាំងអស់ ចូលរួមបរិច្ចាកវិភាគទានត្រឹមតែ ៤ ម៉ឺនរៀលតែប៉ុណ្ណោះក្នុង១ខែ៕