(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ នៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅមាត់ទន្លេផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊្រន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូកខាងលើនេះ។

លោកបានបញ្ជាក់ថា នៅក្នុងពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្ត នឹងមានរៀបចំការតាំងពិពណ៌ផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀតដែលជាផលិតផលសម្រេចក្នុងខេត្ត រួមទាំងមានការរៀបចំតំបន់កំសាន្តគឺជាតំបន់ត្រជាក់ ដែលមានទីតាំងស្ថិតតាមបណ្តោ យផ្លូវពីផ្សារលើមកកាន់ផ្សារក្រោមមាត់ទន្លទៀតផង។

ឆ្លៀតក្នុងឱកាសនេះលោក ស៊្រន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូកខាងលើនេះ ក៏បានអំពាវនាវតាមរយៈបណ្ដាញព័ត៌មាន Fresh News ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា សូមអញ្ជើញមកចូលរួមកំសាន្តក្នុងពិធីបុណ្យអុំទូក ដែលបានរៀបចំធ្វើនៅក្នុងក្រុងកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ ទៅតាមពេលវេលាដូចដែលបានជំរាបជូនខាងលើឲ្យបានច្រើនកុះករ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមស្វាគមន៍ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាកំសា ន្តក្មុងពិធីដ៏សប្បាយរីករាយនេះផងដែរ៕