(កំពង់ឆ្នាំង)៖ សិស្សានុសិស្សកំពុងរៀននៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន កោះឬស្សី នៅខ្នងកោះកណ្ដាលទន្លេ ឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលមានសិស្សចំនួន២១៥នាក់ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកដៃសំពះគោរពស្នើសុំថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយកសាងអគារសិក្សាថ្មី១ខ្នងមាន៦ បន្ទប់ជូនពួកគាត់ឲ្យបានរៀនសូត្រប្រកបដោយសុវត្ថិភាព។

ព្រោះអគារ១ខ្នងមាន៥ បន្ទប់ដែលសិស្សកំពុងសិក្សាបច្ចុប្បន្នបានពុកផុយប្លង់សេចេញដែកអស់ទៅហើយ ដែលកំពុងមានហានិភ័យខ្ពស់ក្នុងពេលសិក្សា។ ដោយពេលមានខ្យល់ខ្លាំងម្ដងៗអគារសិក្សាខាងលើនេះញ័ររញ្ជួយ ដែលធ្វើឲ្យសិស្សត្រូវនាំគ្នារត់ចេញមកក្រៅថ្នាក់ដើម្បីសុវត្ថិភាព ខ្លាចអគារសិក្សានេះរលំបាក់បង្កគ្រោះថ្នាក់ដល់ពួកគេ។

ទាក់ទងនឹងករណីនេះលោក ហ៊ុន ណារិន នាយកសាលាបឋមសិក្សា ហ៊ុន សែន កោះឫស្សី បានឲ្យដឹងថា អគារសិក្សាមួយខ្នងនេះជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៧ គិតមកដល់ពេលនេះមានអាយុកាល២៥ឆ្នាំហើយ។ បច្ចុប្បន្នមានសិស្សានុសិស្សរៀនចំនួន២១៥នាក់ ស្រី៨៧នាក់ និងគ្រូបង្រៀនមានចំនួន៥នាក់ស្រី៣នាក់។

ពាក់ព័ន្ធនឹងអគារសិក្សាដែលមានសភាពទ្រុឌទ្រោមខាងនេះដែរកន្លងមក លោកក៏ធ្លាប់បានរាយការណ៍ជូនការិយាល័យអប់រំស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តផងដែរ។ ហើយថ្មីៗនេះតាមរយៈលោកមេភូមិ និងមាតា បិតាសិស្ស លោកនាយកសាលាក៏បានធ្វើសំណើរសុំកសាងអាគារសិក្សាថ្មី១ខ្នង ៦បន្ទប់ សម្រាប់ផ្ដល់ជូនសិស្សានុសិស្សបានរៀនសូត្រដោយសុវត្ថិភាព។ ប៉ុន្តែមិនដឹងថា សំណើរនេះបានដល់ថ្នាក់ដឹកនាំហើយឬនៅនោះទេ។

ដោយឡែកលោក ង៉ែត ស្រូយ មេភូមិកោះឬស្សី នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានឲ្យដឹងដែរថា កន្លងមកក៏មានក្រុមការងារថ្នាក់ស្រុក និងខេត្តចុះមកពិនិត្យអគារសិក្សាទ្រុឌទ្រោម១ខ្នងនេះម្តងផងដែរ។ ហើយបានស្នើសុំឲ្យលោកមេភូមិជួយរកដីកន្លែងផ្សេងសម្រាប់ត្រៀមសាងសង់អគារថ្មី ព្រោះទីតាំងអាគារចាស់នេះមិនអាចសង់អាគារថ្មីបានទេ។

ហេតុនេះហើយទើបកន្លងមកនេះ លោកក៏បានរៃអង្គាសថវិកាពីប្រជាពលរដ្ឋជាមាតា បិតាសិស្ស ដើម្បីទិញដីពីប្រជាពលរដ្ឋ១កន្លែង នៅខាងក្រោយជាប់អាគារសិក្សាចាស់ ដែលមានទំហំ៦៥ម៉ែត្រគុណ និង១០០ម៉ែត្រ អស់ថវិការចំនួន១៣លានរៀល។ ប៉ុន្តែមកដល់ពេលនេះជាង២ឆ្នាំហើយ មិនទាន់ឃើញថ្នាក់ដឹកនាំមកជួយសាងសង់អាគារសិក្សាថ្មីនៅឡើយ។

អាស្រ័យហេតុនេះ លោកមេភូមិកោះឬស្សី មាតាបិតាសិស្ស លោកនាយកសាលាបឋមសិក្សា ហ៊ុន សែន កោះឬស្សី រួមនិងសិស្សានុសិស្សទាំង២១៥នាក់ ដែលកំពុងត្រូវការអាគារសិក្សាថ្មីសម្រាប់រៀនសូត្រដោយមានសុវត្ថិភាពនោះ បានគោរពស្នើសុំដល់ថ្នាក់ដឹកនាំ ពិសេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយកសាងអាគារសិក្សាថ្មី តាមសំណូមពរខាងលើចូលរួមពួក គាត់ដោយក្តីអនុគ្រោះផង៕