(ស្វាយរៀង)៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាបករណីឆ្លងដែននេសាទដោយខុសច្បាប់ និងបានដកហូតសម្ភារមួយចំនួនធំផងដែរ។

ការចុះបង្ក្រាបបទល្មើសនេសាទឆ្លងដែននេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចខាងលិចស្ពានគយត្របែក ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

មន្ត្រីជលផលខេត្តស្វាយរៀង បានឱ្យដឹងថា ការចុះបង្ក្រាបនេះដឹកនាំដោយលោក ស្រេង គ្រី នាយខណ្ឌជលផលខេត្ត សហការជាមួយកម្លាំង កងរាជអាវុធហត្ថក្រុង និងកម្លាំងនគរបាល ដោយឃាត់បានជនសង្ស័យជនជាតិវៀតណាម ២នាក់ មានឈ្មោះ វ៉ាន់ តាំង អាយុ៣២ឆ្នាំ និងឈ្មោះ ឡេ វាំងយឿង អាយុ៣៣ឆ្នាំ។ អ្នកទាំង២រស់នៅភូមិវៀងយឹងហឹង ឃុំសាតាង ស្រុកបេនកូវ ខេត្តឡុងអាង។

ចំណែកសម្ភារវត្ថុតាងដែលដកហូតរួមមាន៖ ទូកជ័រស្មាច់ចំនួន២គ្រឿង ម៉ាស៊ីនសាំងចំនួន២គ្រឿង សន្ទូចរនងប្រវែង១២០០ម៉ែត្រ នុយអប់ត្រី ១គីឡូក្រាម ស្នចាក់ត្រី០១ និងអាគុយម៉ាកPinaco ៧០V ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ដែលជាជនជាតិវៀតណាម ត្រូវបានឃាត់ខ្លួនមកសាកសួរនៅរដ្ឋបាលខណ្ឌជលផលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕