(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមិថុនានេះតាមរយៈ Facebook លោកបានបញ្ជាក់ពីស្ថានភាពទឹកហូរ នៅក្នុងខណ្ឌចំនួន៤ ដែលតែងតែទទួលការលិចលង់ខ្លាំង នៅពេលភ្លៀងធ្លាក់ម្តងៗ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីតាំងទឹកធ្លាប់លិចធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំនៅក្នុងខណ្ឌទាំង៤ក្នុងក្រុង ចំនួន១៤កន្លែង ត្រូវបានកាត់បន្ថយការលិចទឹកចំនួន១១កន្លែង ឯ៣កន្លែង កំពុងអនុវត្តគម្រោង។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងទៀតថា ក្នុងពេលធ្លាក់ភ្លៀងធ្លាក់រយៈពេល២ម៉ោង១០នាទី នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ មន្ទីរសាធារណការរាជធានី សង្កេតឃើញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រើន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជា៖
១-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
២-តំបន់វិថីកម្ពុជាក្រោម ស្រកអស់១០នាទីក្រោយភ្លៀង
៣-ផ្សារទួលទំពូងស្រកអស់ភ្លាម
៤-ស្តុបម៉ុងឌីយ៉ាល់ស្រកអស់ភ្លាម
៥-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់១៥នាទីក្រោយភ្លៀង
៦-តំបន់ផ្សារកណ្តាល ស្រកអស់១០នាទីក្រោយភ្លៀង
៧-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់១៥នាទីក្រោយភ្លៀង
៨-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ភ្លាមក្រោយភ្លៀង
៩-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ភ្លាមក្រោយភ្លៀង
១០-ផ្លូវសុខ ហុក ផ្សារអូរឫស្សី ស្រកអស់ភ្លាមក្រោយភ្លៀង
១១-ផ្លូវលេខ១៦៣ ខាងកើតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ភ្លាមក្រោយភ្លៀង
១២-តំបន់ក្រោយវាំងផ្លូវលេខ១៩ ទឹកស្រកអស់អាចប្រើពេល១ម៉ោង។ គម្រោងនឹងដាក់លូរំដោះទឹកឆាប់ៗ
១៣-តំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ទឹកអាចស្រកអស់រយៈពេល២០នាទីទៀត។
១៤-មុខវត្តមហាមន្ត្រីស្រកអស់ភ្លាម។
លោកអភិបាលបានបញ្ជាក់ទៀតថា ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មី មានប្រសិទ្ឋិភាពខ្ពស់ ប៉ុន្តែត្រូវកែលំអអណ្តូងលូ បូមស្តារលាងលូ និងកាយសំរាមមុខអណ្តូងលូ។ សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែង នៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ៧០%៕