(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្ក្រាប និងវរ២៤០ សរុបចំនួន១៦៥នាក់ ដោយប្រើប្រាស់មធ្យោបាយចំនួន១៦គ្រឿង ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីការប្រកួតកីឡាម៉ូតូទឹក និងទូកក្ដោង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លេីកទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

មធ្យោបាយ១៦គ្រឿង ដែលប្រើប្រាស់នោះ រួមមាន៖ នាវាល្បាតកម្លាំង១,៦០០សេះ ចំនួន២គ្រឿង, នាវាល្បាតកម្លាំង៥០០សេះ ចំនួន២គ្រឿង, អូប័រកម្លាំង៧០០សេះ ចំនួន២គ្រឿង, អូប័រកម្លាំង១៥០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង៨០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង៥០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង៤០សេះ ចំនួន២គ្រឿង, រថយន្ត ចំនួន២គ្រឿង និងទោចក្រយានយន្តចំនួន២គ្រឿង។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

ព្រឹត្តិការណ៍នេះ ក៏ជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡា ព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត,ផ្តល់ឱកាសដល់រាជធានី ខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំង សម្រាប់ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម,តាមដាន និងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។

ព្រឹត្តិការណ៍នេះ ក៏ជាការសាកល្បងការរៀបចំពិធីបើក និងពិធីបិទ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ផងដែរ៕