(សៀមរាប)៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចែករំលែកបទពិសោធជោគជ័យមួយចំនួន ក្នុងនាមជាជនរងគ្រោះ នៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ ដល់បណ្តាប្រទេសដទៃទៀត ក្នុងកិច្ចការចរចាសន្តិភាព។
សម្តេចបញ្ជាក់ថា ដោយបានរៀនសូត្រ អំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០ សម្តេចធ្វើការសង្ខេបជាបីចំណុច ដើម្បីជួយឱ្យការចរចាសន្តិភាព ទទួលបានជោគជ័យ ដែលរួមមាន៖ ទី១៖ យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកបដោយបរិយាបន្ន, ទី២៖ យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និងសុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ និងទី៣៖ យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ ចំពោះការចរចាសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីដប់ឆ្នាំមុន សម្តេចបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែលគ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍។ នៅពេលនោះ, គ្មានរដ្ឋសមាជិកអាស៊ានណាមួយ បានគិតអំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិល នៅក្នុងតំបន់នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ។
សម្តេចតេជោបានលើកឡើងថា បច្ចុប្បន្នពិភពលោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេលដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពរបស់ប្រជាជាតិ ទាំងឡាយនៅជុំវិញពិភពលោក។ បន្ថែមលើនេះ ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក។
សម្តេចបញ្ជាក់ទៀតថា ក្នុងឋានៈជារដ្ឋតូចមួយ, កម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និងបើកចំហ, ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬសណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ។
សូមជម្រាបថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទសវត្ស ចាប់តាំងពីរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់។ ក្រោយរបបលន់ នល់ ដួលរំលំនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កម្ពុជាបានធ្លាក់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលសម្លាប់មនុស្សជិត៣លាននាក់ ហើយពលរដ្ឋដែលសេសសល់រស់នៅយ៉ាងវេទនា។ បន្តមកទៀត ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សង្គ្រាមមិនបានបញ្ចប់នោះទេ ដោយនៅបន្តមានកម្ពុជា មួយមានតំបន់ត្រួតត្រា៤ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបន្សល់នូវកម្ពុជាមួយមានតំបន់ត្រួតត្រា២ រហូតដល់ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាបានស្គាល់អ្វីដែលហៅថា «សន្តិភាពពេញលេញ»។
សម្តេចតេជោ ហ៊ុន សែន កន្លងមកបានលើកឡើងថា នៅពេលមានសន្តិភាព ត្រូវតែការពារសន្តិភាព កុំចាំដល់ពេលចាប់ផ្តើមមានសង្គ្រាម ទើបស្រែករកសន្តិភាព។ សម្តេចបានប្រកាសយ៉ាងដាច់ណាត់ថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឲ្យបាន៕