(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សហការជាមួយនឹងអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានរួមគ្នារៀបចំផ្សព្វផ្សាយស្តីអំពី «សុវត្ថិភាពម្ហូបអាហារ» ដល់ក្រុមអាជីវករក្នុងផ្សារនានា របស់រាជធានីភ្នំពេញ ដើម្បីណែនាំ ឲ្យយល់ដឹងអំពី ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។
លោក ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ក្នុងគោលបំណង នៃការផ្សព្វផ្សាយនេះ ដើម្បីណែនាំដល់អ្នកនាំចូល អ្នកផលិត អ្នកចែកចាយម្ហូបអាហារ ឲ្យមានការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារ ផលប៉ះពាល់ដែលបណ្តាល មកពីការប្រើប្រាស់ សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ក៏ដូចជាកង្វះអនាម័យ ក្នុងម្ហូបអាហារជាដើម។
លោកបន្តថា វគ្គផ្សព្វផ្សាយក៏បានដាក់បញ្ចូល នូវចំណេះដឹងជាមូលដ្ឋានទាក់ទង ទៅនឹងបទដ្ឋានគតិយុត្តិ និងទោសប្បញ្ញត្តិនានាដែលមាន ចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា។ តួនាទីនិងកាតព្វកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមព្រំដែន និងនៅលើទីផ្សារ វិធានការដែលត្រូវអនុវត្ត ដើម្បីលើកកំពស់សុវត្ថិភាពម្ហូបអាហារ ប្រភពនៃការចម្លងមេរោគពីមនុស្ស ទៅម្ហូបអាហារ និងកត្តាប្រាំយ៉ាងដែលអ្នកលក់ និងអ្នកចំអិនម្ហូបអាហារ ត្រូវយល់ដឹង ក៏ត្រូវបានដាក់បញ្ចូលក្នុងវគ្គផ្សព្វផ្សាយនេះដែរ។
លោក ផាន អូន អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្មបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក សុវត្ថិភាពម្ហូបអាហារជា «វិស័យអាទិភាពទីមួយ» ក្នុងចំណោមវិស័យអាទិភាពទាំង១២។
លោកក៏បាន អំពាវនាវឲ្យអាជីវករពាណិជ្ជករ បន្តកិច្ចសហការជាមួយ សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងរួមចំណែកអនុវត្តតាមគោលការណ៍ ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕