(ភ្នំពេញ)៖ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា នៅពេលនេះសម្តេចមានចៅប្រុសម្នាក់ទៀតហើយ ដែលអាចនឹងគ្រប់ខែក្នុងពេលឆាប់ខាងមុខនេះ ហើយក៏ជាការបង្រ្គប់អេគីបបាល់ទាត់ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣)» នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ «ឥឡូវអាទី១៨ មកដល់ហើយ ហើយវានឹងគ្រប់ជាអេគីបបាល់ទាត់តែម្តង ព្រោះឥឡូវ ១៧នាក់ បានចៅប្រុស ១០នាក់ហើយ ឥឡូវអាទី១១ នឹងមកដល់ប៉ុន្មានខាងមុខនេះអីចឹងគ្រប់ម៉ាអេគីបបាល់ទាត់ហ្មង»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងមួយរយៈចុងក្រោយនេះ តែងតែបង្ហាញពីបំណង និងទាញភ្ជាប់ចៅរបស់សម្តេចទៅនឹងវិស័យកីឡាបាល់ទះ បាល់ទាត់។ ការទាញ់ភ្ជាប់ត្រូវបានគេមើលឃើញថា ជាចេតនាក្នុងការជំរុញលើកទឹកចិត្តដល់វិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជាក់ស្តែងក្នុងមួយរយៈចុងក្រោយនេះ សមត្ថកីឡាបាល់ទាត់របស់កីឡាករកម្ពុជា បានកំពុងសន្ទុះឡើង ហើយសន្ទុះ នៃការគាំទ្រលើវិស័យកីឡាបាល់ទាត់នេះក៏ផុលផុសណាស់ផងដែរ៕