(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា(AIPA) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឥណ្ឌូនេស៉ី ចំពោះសោកនាដកម្មគ្រោះរញ្ជួយដីមួយ កម្រិត៥.៦រ៉ិចទ័រ បានអង្រួនកោះជ្វាខាងលិច (West Java) ដែលធ្វើឱ្យចំនួនមនុស្សស្លាប់បានកើនដល់ ២៦៨នាក់ហើយ និងរាប់រយនាក់ផ្សេងទៀតរងរបួស។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានយកឱកាសនៃការបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បង្ហាញពីការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឥណ្ឌូនេស៉ី ជុំវិញសោកនាដកម្មគ្រោះរញ្ជួយដីនេះ ព្រមទាំងស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតផងដែរ។

គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ២៦៨នាក់ហើយ និងរាប់រយនាក់ផ្សេងទៀតរងរបួស ក្រោយគ្រោះរញ្ជួយដីមួយ កម្រិត៥.៦រ៉ិចទ័រ បានអង្រួនកោះជ្វាខាងលិច (West Java) កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

ឥណ្ឌូណេស៉ីគឺជាប្រទេសមួយ ស្ថិតនៅតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដែលងាយរងគ្រោះបាតុភូតរញ្ជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់៕