Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រលកយក្ស វាយប្រហារកោះបាលី ឆក់យកជីវិតអ្នកទេសចរ និងបំផ្លាញតូបជាប់ឆ្នេរជាច្រើន

16-06-2016 15:21

(ហ្សាការតា)៖ រលកសមុទ្រកញ្ជ្រោល ឬអាចហៅថាជារលកយក្ស (មិនមែនស៊ូណាមិ) បានវាយប្រហារ កោះបាលី ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ព្រមទាំងបានបំផ្លាញ តូបលក់អាហារ និងភេសជ្ជៈជាច្រើនទៀតនៅតាមបណ្តោយឆ្នេរសមុទ្រ។ នេះ បើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។

ជនរងគ្រោះទាំងពីរនាក់ខាងលើនេះមានឈ្មោះ Piter Tan និង Wong Sum Sum ដែលមានអាយុ ៦៤ឆ្នាំដូចគ្នា បានធ្វើដំណើរពីទីក្រុងហុងកុង មកលេងកោះបាលីនេះ ប៉ុន្តែក៏ត្រូវបានរលកសមុទ្រដ៏ ធំបោកមកលើឆ្នេរ Sanur របស់កោះបាលី បណ្តាលឲ្យម្នាក់ក្នុងចំណោមពួកគេស្លាប់បាត់បង់ជីវិតគឺ លោក Peter Tan ក្រោយទទួលរងរបួសធ្ងន់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជិតនោះ។

គួរបញ្ជាក់ថា រលកធំៗបែបនេះតែងតែកើតឡើងនៅតំបន់ឆ្នេរមួយចំនួន នៃកោះបាលី ប៉ុន្តែលើកនេះ វាមានទំហំធំខុសសព្វដង ទើបបាននាំឲ្យកើតមានគ្រោះមហន្តរាយ។ តាមការព្យាករណ៍ក្នុងតំបន់ រលកយក្សជាច្រើនទៀត នឹងបន្តកើតមានរហូតដល់ដំណាច់ខែមិថុនានេះ ក៏ព្រោះតែខ្យល់សមុទ្រ មានការប្រែប្រួលខុសពីធម្មតា៕