(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ និងភូមិ ចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ដង្កោ។
ក្នុងជំនួបនោះដែរ គឺដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្ទាល់ដើម្បីយកមក ដោះស្រាយឲ្យចំបញ្ហា ទាន់ពេលវេលាបន្ថែមពីនេះចុះពិនិត្យ គម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង៥៦៥ម៉ែត្រ ទទឹង៦ម៉ែត្រដែលស្ថិត ក្នុងគម្រោងថវិកា របស់រដ្ឋបាលខណ្ឌឆ្នាំ២០១៦។
ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌដង្កោ បានលើកឡើងអំពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍមូលដ្ឋានឥតឈប់ឈររបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌដង្កោ ដោយមានការយកចិត្តទុកដាក់ របស់លោកអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ខិតខំប្រឹងប្រែងយកអស់លទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចុះជួបផ្ទាល់ជាមួយបងប្អូន ដើម្បីទទួលយកសំណើ សំណូមពរ និងកង្វល់នានារបស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយ ព្រមទាំងចូលរួមអភិវឌ្ឍមូលដ្ឋាន តាមរយៈការស្តារ ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបង្កភាពងាយស្រួល សោភ័ណ្ឌភាពនិងផាសុខភាពក្នុងការរស់នៅ។
បន្ថែមពីនេះ លោកអភិបាល ក៏បានចុះពិនិត្យទីតាំងសាលាបុណ្យភូមិថ្មី ដែលជាកន្លែងសក្ការៈរបស់ប្រជាពលរដ្ឋភូមិថ្មីទាំងមូលដែលបាន នឹងកំពុងសាងសង់កែលម្អបន្ថែម ដើម្បីបង្កើនសោភណ្ឌភាព និងធំទូលាយ ក្នុងការប្រារព្ធពិធីបុណ្យផ្សេងៗ។ លើសពីនេះទៅទៀត លោកអភិបាល ក៏បានឧបត្ថម្ភការចាក់ដីបំពេញទីធ្លាសាលាបុណ្យផងដែរ។ ជាចុងក្រោយ លោកអភិបាលខណ្ឌបានឆ្លៀតឱកាសចូល សួរសុខទុក្ខ លោក ឌី ថារ៉ូ អនុប្រធានភូមិថ្មី ដែលមានជម្ងឺបូស សម្រាកព្យាបាលនៅលំនៅដ្ឋាន និងបានឧបត្ថម្ភថវិកា ១០ម៉ឺនរៀលផងដែរ៕