(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកោះ Djerba ប្រទេសទុយនីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការតភ្ជាប់នៅក្នុងពិពិធភាព៖ វិស័យឌីជីថល ជាចលករនៃការអភិវឌ្ឍ និងសាមគ្គីភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី»។

កិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក Kaïs SAÏED ប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ី និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ជាប្រមុខរដ្ឋនិងរដ្ឋាភិបាលជាច្រើនរូប (ក្នុងនោះ មានប្រធានាធិបតីសាធារណរដ្ឋបារាំង នាយករដ្ឋមន្រ្តីកាណាដា នាយករដ្ឋមន្រ្តីកេបិក ប្រធានាធិបតីនីហ្សេ ប្រធានាធិបតីរវ៉ាន់ដា...) រដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីទទួលបន្ទុកហ្វ្រង់កូហ្វូន និងឯកអគ្គរដ្ឋ/រាជទូត មកពី ៨៨ ប្រទេសសមាជិក (សមាជិកពេញសិទ្ធិ ៥៤ សមាជិកមិនពេញសិទ្ធិ ៧ និងសមាជិកសង្កេតកាណ៍ ២៧) នៃអង្គការ OIF ព្រមទាំងតួអង្គនៃធម្មនុញ្ញហ្វ្រង់កូហ្វូនី និងតំណាងអង្គការអន្តរជាតិ និងតំបន់ជាច្រើនរូប។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ និងរដ្ឋាភិបាល និងតំណាង បានផ្លាស់ប្តូរយោបល់គ្នាទៅលើប្រធានបទ «ឌីជីថល គឺជាឧបករណ៍អាទិភាពរបស់ហ្វ្រង់កូហ្វូនី» និង «ស្ត្រី និងយុវជន ជាគោលដៅអាទិភាពរបស់ហ្វ្រង់កូហ្វូនី»។ កិច្ចពិភាក្សាតុមុខនេះបានផ្តោតសំខាន់ទៅលើបញ្ហាប្រឈមរបស់តំបន់ហ្វ្រង់កូហ្វូន ដើម្បីស្វែងរកដំណោះស្រាយ និងស្នើឡើងនូវវិធានការសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក ការប្រើប្រាស់ភាសាបារាំង ការបង្កើតការងារសម្រាប់យុវជន ការពង្រឹងតួនាទីរបស់ស្រ្តី ការប្រើប្រាស់ឌីជីថល និងការពង្រឹង សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ហ្វ្រង់កូហ្វូន។

ប្រមុខរដ្ឋ និងរដ្ឋាភិបាល បានសម្រេចអនុម័តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នូវឯកសារសំខាន់ៗ៖ ១៖ សេចក្តីថ្លែងការណ៍ Djerba, ២៖ សេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពក្នុងតំបន់ហ្វ្រង់កូហ្វូន, ៣៖ សេចក្តីប្រកាសស្តីពីភាសាបារាំងក្នុងភាពចម្រុះនៃភាសានៅក្នុងហ្វ្រង់កូហ្វូនី, ៤៖ ក្របខណ្ឌយុទ្ធសាស្រ្តហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣-២០៣០ និង ៥៖ វិធានស្តីពីនីតិវិធីនៃការចូលជាសមាជិក ឬការកែតម្រូវសមាជិកភាពនៃរដ្ឋឬរដ្ឋាភិបាលនៅអង្គការ OIF។

អ្នកចូលរួមទាំងអស់បានសាទរចំពោះលទ្ធផលសំខាន់ៗនៃការងារដែលលោកស្រី Louise MUSHIKIWABO សម្រេចបាន ក្នុងអាណត្តិ ៤ ឆ្នាំកន្លងទៅនេះ ជាអាទិ៍ការធ្វើកំណែទម្រង់ និងទំនើបកម្មអង្គការ OIF តាមរយៈការធ្វើសកម្មភាពចម្បងៗ ដូចជា ការកាត់បន្ថយការអនុវត្តកម្មវិធីរបស់អង្គការ OIF ការពង្រឹងវត្តមាន និងឥទ្ធិពលរបស់អង្គការ OIF នៅលើឆាកអន្តរជាតិ និងការកែសម្រួលរចនាសម្ព័ន្ធរបស់អង្គការ OIF ដើម្បីប្រែក្លាយទៅជាអង្គការកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈ។

អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ផងដែរ ទៅលើគោលបំណងសំខាន់ៗចំនួន ៣ ដែលលោកស្រី Louise MUSHIKIWABO នឹងអនុវត្ត នាពេលអនាគត៖ (១). ការធ្វើសកម្មភាពដើម្បីយុវជន និងស្រ្តី (២). ការពង្រឹងឥទ្ធិពលរបស់អង្គការ OIF នៅលើឆាកអន្តរជាតិ និង (៣). ការលើកតម្កើងភាពទាក់ទាញនៃតំបន់ហ្វ្រង់កូហ្វូន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌។

លើសពីនេះទៀត ប្រមុខរដ្ឋនិងរដ្ឋាភិបាលបានសម្តែងការគាំទ្រ និងបោះឆ្នោតជ្រើសរើស លោកស្រី Louise MUSHIKIWABO ក្នុងតំណែងជាអគ្គលេខាធិការអង្គការ OIF សម្រាប់អាណត្តិលើកទី២ ឆ្នាំ២០២៣-២០២៦។

ឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីសាធារណរដ្ឋបារាំង ប្រមុខរដ្ឋនិងរដ្ឋាភិបាលបានសម្រចឱ្យប្រទេសបារាំង ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨នេះ លោករដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានជួបជាមួយថ្នាក់ដឹកនាំកំពូលៗ ដូចជា ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្រ្តីកាណាដា ដែលបានផ្តាំផ្ញើនូវការសួរសុខទុក្ខជូន សម្តេចតេជោនាយករដ្ឋមន្រ្តី។ លើសពីនេះទៀត លោករដ្ឋមន្រ្តីប្រតិភូ បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយលោក Traian HRISTEA រដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី ទទួលបន្ទុកកិច្ចការសកល និងយុទ្ធសាស្រ្តការទូត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងទៅលើប្រធានបទទាក់ទងនឹងបញ្ហាប្រឈមបច្ចុប្បន្ននៅក្នុងពិភពលោក។