(ភ្នំពេញ)៖ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២ បានលើកឡើងថា អត្រាក្រិសក្រិនខ្ពស់ និងលើសទម្ងន់ គឺជាកត្តាគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស និងការបន្តកំណើនរីកលូតលាស់របស់ប្រទេស។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «សារព័ត៌មានអាហារូបត្ថម្ភ និងពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភសម្រាប់ជុំទី២» ដោយមានការចូលរួមពី លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ លោកស្រី Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការGIZ និងអ្នកសារព័ត៌មានជាច្រើនរូប នៅភោជនីយដ្ឋានទនេ្លបាសាក់២។

ឱកាសនេះដែរ លោកស្រី ប្រាក់ សោភ័ណនារី បានថ្លែងថា ការដោះស្រាយបញ្ហាក្រិសក្រិន និងបញ្ហាលើសទម្ងន់ មានសារៈសំខាន់ និងចាំបាច់ដើម្បីឱ្យកម្ពុជា អាចសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ ខ្លួនត្រឹមឆ្នាំ២០៣០។

លោកស្រី ប្រាក់ សោភ័ណនារី បានបន្ដថា គោលនយោបាយធំៗចំនួនបី ក្នុងការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារតូចគឺ៖ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំ ឬលើស រួមជាមួយការផ្តល់អាហារបន្ថែមចាប់ពីកុមារអាយុ៦ខែ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព សមស្របតាមអាយុរបស់ទារក និងកុមារ។

ជាមួយគ្នានេះដែរ លោកហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ បានបន្ថែមថា វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពី ការរាយការណ៍ព័ត៌មានអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនេះឡើង ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពក្នុងចំណោមអ្នកសារព័ត៌មាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយជាមួយអ្នកធ្វើការលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ។

បន្ថែមពីនេះ លោកហ៊ូ ក្រើន បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន និងអ្នកចូលរួមបានបង្កើត ក្រុមអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ (ក.ស.ជ.អ) ក្នុងគោលបំណងរួមមាន៖

* លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មាន និងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលរវាងប្រព័ន្ធផ្សព្វផ្សាយ ជាមួយស្ថាប័នធ្វើការងារលើវិស័យពាក់ព័ន្ធនឹងវិស័យប្រពន្ឋ័ស្បៀង សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ ។

* ផ្តល់វេទិកាដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាអំពីគម្លាតព័ត៌មានក្នុងវិស័យប្រពន្ឋ័ស្បៀង សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា។

* កំណត់ពីបញ្ហា និងដំណោះស្រាយក្នុងការផ្តល់ព័ត៌មានក្នុងវិស័យប្រពន្ឋ័ស្បៀង សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារ ដើម្បីឱ្យអ្នកសារព័ត៌មានមានលទ្ធភាពក្នុងការទទួលបានព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានបានទៀងទាត់៕