(កំពង់ធំ)៖ លោក វឿន ឌីញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានស្នើដល់រដ្ឋបាលខេត្ដកំពង់ធំ បន្ដបង្កើនបរិយាកាសអំណោយផលដល់វិនិយោគិនរបស់វៀតណាម ដែលមករកស៉ីបណ្ដាក់ទុនក្នុងខេត្តមួយនេះ។

សំណើនេះត្រូវបានលើកឡើង ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចទៅកាន់ខេត្តកំពង់ធំ និងបានជួបសំណេះសំណាលជាមួយបណ្ដាក្រុមហ៊ុនជាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជា ដោយលោក វឿន ឌីញហ្វេ ក៏បានស្នើឲ្យខេត្តពន្លឿនកំណែទម្រង់រដ្ឋបាល ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ប្រធានរដ្ឋសភាវៀតណាម បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលលោកអញ្ជើញចូលរួមមហាសន្និបាតអន្ដរសភាអាស៊ានលើកទី៤៣ (AIPA-43) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ លោកអះអាងថា វៀតណាមជាអ្នកវិនិយោគធំជាងគេ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន នៅប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានឲ្យដឹងថា បច្ចុប្បន្ននេះ VRG និងបណ្ដាក្រុមហ៊ុនសមាជិកបានអនុវត្តគម្រោងដាំកៅស៊ូ ក្នុងភូមិសាស្រ្តខេត្តចំនួន៧ រួមមាន៖ ខេត្តក្រចេះ, រតនគិរី, កំពង់ធំ, មណ្ឌលគិរី, សៀមរាប, ឧត្តរមានជ័យ និងខេត្តព្រះវិហារ មានដើមទុនចុះបញ្ជីសរុប ១.១៨លានដុល្លារអាមេរិក និងបានបញ្ចេញថវិកាចំនួន៦២៤លានដុល្លារអាមេរិក។

VRG ដាំបានចំនួន ៨៧,៥៤៣ ហិកតាកៅស៊ូ ក្នុងនោះផ្ទៃដីអាជីវកម្មកៅស៊ូមានចំនួន៨៣,០៧៨ហិកតា ស្មើនឹង៩៥% នៃផ្ទៃដី ហើយនៅឆ្នាំ២០២៣ ផ្ទៃដីកៅស៊ូទាំងមូលនឹងត្រូវធ្វើអាជីវកម្ម។

ទិន្នផលសរុប នៃគម្រោងគឺ ១១៦,១០០តោនជ័រកៅស៊ូ ដែលស្មើនឹង៣០% នៃទិន្នផលសរុបរបស់ VRG ហើយរំពឹងថា នៅឆ្នាំបន្ទាប់ ទិន្នផលនឹងកើនឡើងជាមធ្យម១០% ក្នុងមួយឆ្នាំ, ដល់ឆ្នាំ ២០២៥ តំបន់នៃប្រទេសកម្ពុជា នឹងមានបរិមាណទិន្នផលដ៏ធំបំផុតរបស់ VRG។ សម្ព័ន្ធបានសាងសងនឹងដាក់ឲ្យដំណើរការរោងចក្រកែច្នៃជ័រកៅស៊ូចំនួន៧ និងបន្តការវិនិយោគបន្ថែមរោងចក្រកែច្នៃចំនួន៣ទៀត មានសមតម្ថភាពផលិតសរុបរបស់រោងចក្រនៅកម្ពុជាកើនឡើងដល់ចំនួន ១៣០,០០០ តោន/ឆ្នាំ។

ក្រៅពីការរៀបចំផលិតកម្មបានល្អ VRG នៅថែមទាំងអនុវត្តបានល្អការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅជុំវិញតំបន់គម្រោង ជាមួយនឹងប្រាក់ខែជាមធ្យមប្រមាណជិត ៣៥០ដុល្លារ/ខែ សម្រាប់កម្មករក្នុងមូលដ្ឋានជាង១៦,០០០នាក់។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងដែរថា ក្នុងខេត្តរបស់លោកក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច មានចំនួន២៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនខ្មែរ ចំនួន១៥, ក្រុមហ៊ុនវៀតណាម ចំនួន១១ និងក្រុមហ៊ុនកូរ៉េ ចំនួន០១ លើផ្ទៃដី១២៤,៧២៦ហិកតា ក្នុងនោះផ្ទៃដីដាំដុះកៅស៊ូបានចំនួន៦១,៦៨៥ហិកតា ផ្ទៃដីចៀរជ័រ ចំនួន៥០,៩៣៩ហិកតា ហើយក្នុងនោះក្រុមហ៊ុនវៀតណាមទាំង១១ បានដាំដុះកៅស៊ូបានចំនួន៤៤,៧៣៥ហិកតាផងដែរ៕