(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញភាពរីករាយជាមួយការបង្កើតឲ្យមានមណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន ហើយការបង្កើតឲ្យមានមណ្ឌលនេះ គឺជួយបញ្ចប់ការឈឺក្បាលរបស់សម្តេចលើរឿងបណ្ណបើកបរ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣)» នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានទៅធ្វើការកែទម្រង់មួយ។ ខ្ញុំថា បានអាហ្នឹងមួយចេញទៀត វាស្រួលខ្លួនអីខ្ញុំអីណេះ គេមិនស្រែករឿងផ្លាកឡាន ផ្លាកម៉ូតូ បណ្ណបើកបរនេះ អាហ្នឹងវេទនាណាស់»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការធ្វើមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអននេះ គឺជាការធ្វើកំណែទម្រង់មួយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបម្រើប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។ សម្តេតេជោ រំពឹងថា នឹងរួមគ្នាធ្វើបន្តទៀត ដើម្បីសម្រេចសមិទ្ធផលថ្មីៗថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅដើមឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់លើការងារបានជាច្រើន។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឲ្យប្រើប្រាស់មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន។ មណ្ឌលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រាជរដ្ឋាភិបាលក្នុងការទាញយកសេវាឲ្យទៅកាន់តែជិតប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយ និងសម្រួលការលំបាក។
មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះ បានជួយឲ្យការប្តូរ និងពន្យារបណ្ណបើកបានកាន់តែលឿន ជាមួយតម្លៃទាបជាងមុនផងដែរ។ ការប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអននេះ ចំណាយពេលត្រឹមតែ ២០នាទីទទួលបានបណ្ណ ហើយចំណាយតម្លៃ ៣០០០០រៀលសម្រាប់បណ្ណបើកបររថយន្ត និង ២០០០០រៀលសម្រាប់បណ្ណបើកបរទោចក្រយានយន្ត។ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះ បើកទ្វារបម្រើជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់។
លោក ស៊ុន ចាន់ថុល បានឲ្យដែរថា លោកគ្រោងនឹងបើកមណ្ឌលបែបនេះ នៅតាមផ្សារទំនើបផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរនេះ បានកាន់តែឆាប់រហ័សតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕