(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ា បានឯកភាពបញ្ចូលសេចក្តីព្រាងចំនួន០៥ សម្រាប់ដាក់ជូនមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៣ អនុម័តក្នុងកិច្ចប្រជុំពេញអង្គដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ។
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសមាជិកសភានៃបណ្តាប្រទេសសមាជិកអាយប៉ារួមមាន៖ ប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីពង្រឹងកិច្ចសន្ទនា AIPA-ASEAN និងភាពជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា និងធ្វើសកម្មភាពរួមគ្នាដើម្បីពង្រឹង មជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ និងពហុភាគីនិយមបើកចំហរ និងប្រកបដោយបរិយាប័ន្ន។
សេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗចំនួន០៥នោះរួមមាន៖
ទី១៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «របាយការណ៍កិច្ចប្រជុំក្រុមសមាជិកសភាអាយប៉ា លើកទី១៣» (Report of the 13th AIPA Caucus)
ទី២៖ សេចក្តីព្រាងព្រាងសេចក្តីសម្រេច «របាយការណ៍កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១» ( Report of the ASEAN-AIPA Leader’s Interface during the 40th and 41st ASEAN SUMMIT)
ទី៣៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុភាគីនិយម តាមរយៈមជ្ឈភាពអាស៊ាន» (Promoting Peace, Solidarity and Multilateralism through ASEAN Centrality)
ទី៤៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់ការទូតសភាក្នុងបញ្ហាសន្តិសុខដែនសមុទ្រ និងការកសាងស្ថេរភាពតំបន់នៅអាស៊ីអាគ្នេយ៍» (Enhancing Parliamentary Diplomacy on Maritime Security to Forster Regional Stability in Southeast Asia)
ទី៥៖ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥» (Parliamentary Diplomacy for the Implementation for Five-Point Consensus)៕