(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម បានសន្យាថា នឹងអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយក៏ប្តេជ្ញារួមគ្នាដោះស្រាយរាល់បញ្ហាព្រំដែន និងពន្លឿនការបោះបង្គោលព្រំដែន ឲ្យឆាប់ចប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការសន្យា និងប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង នៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៦នេះ តបតាមការអញ្ជើញរបស់ព្រះមាហក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
យោងតាមសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងដូច្នេះ «ភាគីទាំងពីរ (កម្ពុជា-វៀតណាម) បានបញ្ជាក់សាជាថ្មីថា និងបន្តអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជាស្ថាពរនូវចំណុចព្រំដែនសេសសល់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីបញ្ចប់ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ឲ្យបានឆាប់តាមដែលអាចធ្វើបាន ក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែន នៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយចីរភាពរវាងកម្ពុជា និងវៀតណាម»។
នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម ដែលទើបឡើងកាន់តំណែងរូបនេះ កម្ពុជា និងវៀតណាម ក៏បានសន្យាបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម ខ្សែបន្ទាត់ព្រំដែនគោករួមគ្នាប្រវែងប្រមាណ ១.២៧០គីឡូម៉ែត្រ។ ក្នុងចំណោមបង្គោល ៣១៤បង្គោល កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាបោះបានប្រហែល ៨៣ភាគរយរួចហើយ។
កាលពីឆ្នាំ២០១៥កន្លងទៅគណបក្សសង្រ្គោះជាតិ បានព្យាយាមវាយប្រហារខ្លាំងលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ គណបក្សប្រឆាំង បានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថា បានប្រើផែនទីក្លែងក្លាយ យកទៅបោះបង្គោលព្រំដែនជាមួយ វៀតណាម ដែលនាំឲ្យកម្ពុជាបាត់បង់ដី តាមបណ្តោយព្រំដែនទៅឲ្យវៀតណាម។
ដើម្បីឆ្លើយតបនឹងការវាយប្រហារ និង រិះគន់របស់បក្សប្រឆាំង សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតជាបន្តបន្ទាប់ ទៅកាន់អង្គការសហប្រជាជាតិ ប្រទេសមហាអំណាចដូចជាបារាំង អាមេរិក និងអង់គ្លេស ស្នើសុំផែនទីដើមរបស់កម្ពុជា មកផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជ រដ្ឋាភិបាល។ ទីបំផុតផែនទីដើមរបស់ខ្មែរ នៅអង្កការសហប្រជាជាតិ ក៏ដូចជានៅប្រទេសបារាំង ក៏ត្រូវបានយកមកផ្ទៀងផ្ទាត់ ហើយរកឃើញថា ផែនទីរបស់រាជរដ្ឋាភិបាល និងផែនទីដើមយកផ្ទៀងផ្ទាត់ គឺខ្សែបន្ទាត់ព្រំដែនដូចគ្នា។
ក្រោយការផ្ទៀងផ្ទាត់ផែនទីរួចហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានថា ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណា ដែលព្យាយាមចោទប្រកាន់រាជរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយទៀតនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយផងដែរថា ការបោះបង្គោល ព្រំដែននេះ គឺរាជរដ្ឋាភិបាល បានប្រឹងប្រែងខ្លាំងក្នុងការទាមទារ និងការពារទឹកដីរបស់កម្ពុជា ដែលមានដូចការកំណត់ក្នុងផែនទីមិនឲ្យមាន ការបាត់បង់។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានព្យាយាមទាមទារយកព្រំដែនទឹកមួយចំនួន ពីប្រទេសវៀតណាមផងដែរ នៅចំណុចណាមានទន្លេ ព្រែក ឬបឹងបួរ។ ការទាមទារព្រោះថា ក្នុងផែនកំណត់ព្រំប្រទល់រវាងកម្ពុជា-វៀតណាម ដែលគូសវាសដោយបារាំង ពេលដាក់អាណានិគមនៅឥណ្ឌូចិននោះ បារាំង បានគូសកំណត់ព្រំដែនកម្ពុជា នៅតែលើគោកប៉ុណ្ណោះ មិនបានគូសទៅក្នុងទឹកនោះឡើយ។
បើទោះបីជាមានការបញ្ជាក់យ៉ាងណា តំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់មកពីគណបក្សសង្រ្គោះជាតិពីររូប គឺលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន នៅតែព្យាយាមចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងមានក្លែងសន្ទិសញ្ញាព្រំដែនកម្ពុជា-វៀតណាមដដែល។ ទីបំផុតទាំងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី និង លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ដាក់ពន្ធនាគារព្រៃស រហូតមកដល់បច្ចុប្បន្ន៕