(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជក្រឹត្យតែងតាំងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
គួររំលឹកថា នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានគេដឹងថា ជាមេទ័ពមួយរូបដែលមានចំណេះជំនាញ លើវិស័យការពារជាតិដ៏ប៉ិនប្រសប់ ដោយបានបញ្ចប់ការសិក្សាលើវិស័យការពារជាតិនៅក្រៅប្រទេសមួយចំនួន ជាពិសេសឆ្លងកាត់សាលាសង្គ្រាម (École de guerre) និងថ្នាក់ជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សា ការទូត និងយុទ្ធសាស្ត្រ CEDS (Centre d'Études Diplomatiques et Stratégiques, CEDS) នៅប្រទេសបារាំង មិនតែប៉ុណ្ណោះ នាយទាហាន ដែលពោរពេញទៅដោយយុទ្ធសាស្ដ្រ និងកលយុទ្ធលើសមរភូមិរូបនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មេបញ្ជាការផុតលេខ ផ្កាយមាស៥ តាំងពីឆ្នាំ១៩៧៨ ឆ្លងកាត់សមរភូមិជាច្រើនលើក ប្រកបដោយឆន្ទៈមោះមុត ស្មោះត្រង់ គាំទ្រ និងការពារដាច់ខាត ចំពោះជាតិ មាតុភូមិ។
នៅក្នុងព្រឹត្តិការណ៍ឆ្នាំ២០០៨ នាយឧត្តមសេនីយ៍ ជា តារា កាលណោះជាអគ្គមេបញ្ជាការរង ប្រធានគណៈបញ្ជាការសមរភូមិទិសប្រាសាទព្រះវិហារ ប្រាសាទតាមាន់ តាក្របី គឺជាមេបញ្ជាការសមរភូមិមុខមួយរូប ដែលនៅប្រចាំការ ជាប់ជានិច្ច ក្នុងសមរភូមិក្ដៅទិសប្រាសាទព្រះវិហារ ដោយរង់ចាំគោរពនិងអនុវត្តនូវបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុការពារទឹកដី ការពារជាតិ និងប្រាង្គប្រាសាទខ្មែរ មិនឲ្យធ្លាក់ដល់ដីនោះឡើយ។
លើសពីនេះទៀត គេនៅចាំបានថា នៅក្នុងពេលមានជម្លោះនោះ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឲ្យទៅចរចាជាមួយលោក ប្រាយុទ្ធ ចាន់អូចា ដែលកាលនោះ លោកជាមេទ័ពរបស់ថៃ និងលោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារថៃ ដើម្បីឲ្យភាគីថៃដកទ័ពចំនួន១០នាក់ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ និង៣០នាក់ពីសំបុកឃ្មុំ ដែលពេលនោះហើយ កាន់តែស្ដែងយ៉ាងច្បាស់ ពីភាពប៉ិនប្រសព្វ របស់នាយឧត្តមសេនីយ៍ ដែលលោកនិយាយត្រឹមតែ៥នាទីប៉ុណ្ណោះ ភាគីថៃក៏បានទទួលយកសំណើ ដោយដកទ័ពចេញបញ្ចប់វត្តមាន ទាហានបរទេសពីទឹកដីប្រទេសកម្ពុជានៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០។
ភាពអង់អាចក្លាហាន និងគំរូវីរភាពរបស់នាយឧត្តមសេនីយ៍ ជា តារា ដែលតែងតែដឹកនាំអនុវត្តតាមបទបញ្ជា ដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ និងបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្សល់នៅ ការគោរពស្រលាញ់ និងនឹករលឹកពីសំណាក់មេទ័ព នាយទាហាន និងពលទាហាន ដែលបានរូមសមរភូមិ ដោយជោគជ័យនាំមកនូវព្រំដែនសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីការរស់នៅ ដោយសុខដុមរមនារបស់ប្រជាជនតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។
នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានសម្តេចតេជោ ទូលថ្វាយព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ មានឋានៈស្មើរដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ
*ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យផ្តល់ឋានៈជាសាស្ត្រាចារ្យក្នុងវិស័យការពារជាតិ។
*ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ។
ជាការកត់សំគាល់៤ឆ្នាំ ក្នុងតួនាទីនាយឧត្តមសេនីយ៍ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បទពិសោធន៍ប្រយុទ្ធ ជាប្រវត្តិសាស្ត្រនេះ ជាពុទ្ធិដ៏មានសារៈសំខាន់ដែលនាយឧត្តមសេនីយ៍ បានផ្តល់ដល់ យោធាចារ្យព្រមទាំង និស្សិតនិងសិក្ខាកាម តាមរយៈបាឋកថា និងតាមគោលការណ៍សំខាន់២ ដែល នាយឧត្តមសេនីយ៍សាស្ត្រាចារ្យបានដាក់ចេញ ក្នុងគោលដៅកសាងសមត្ថភាពដល់នាយទាហានជំនាន់ទី២ រួមមាន៖
*ទី១៖ ប្រែក្លាយសាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ
*ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសអំពីទស្សនៈនយោបាយចំទិស ដល់និស្សិត និងសិក្ខាកាមក្លាយជាកម្លាំងពិត មួយ ដែលស្មោះត្រង់ដាច់ខាតជាមួយជាតិ និងប្រជាជនប្រឆាំងដាច់ខាតរាល់ចលនាផ្តួលរំលំរដ្ឋាភិបាល។
ទេពកោសល្យ រួមនឹងសិល្បៈ នៃការដឹកនាំដ៏មានបទពិសោធន៍របស់នាយឧត្តមសេនីយ៍ បានពូនផ្តុំនូវស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដឹកនាំធ្វើការងារកែទម្រង់លើគ្រប់វិស័យនៅសាកលវិទ្យាល័យការពារជាតិ ពិសេសកិច្ចការកសាងអង្គភាព។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យប្រកបដោយឆន្ទៈស្មោះត្រង់ គាំទ្រ និងការពារដាច់ខាតចំពោះអ្នកមានគុណ ស្មើជីវិត ហ៊ានអនុវត្តបទបញ្ជាដោយមិនរួញរា ជាដាច់ខាត បានសកម្មក្នុងការចែករំលែកបទពិសោធន៍ ជាយុទ្ធសាស្ត្រ ការពារជាតិដល់ បុគ្គលិកសិក្សា យោធាចារ្យ និងនិស្សិតសិក្ខាកាម បានយល់ដឹង និងតម្រង់ ទិសសំដៅក្លាយជាកម្លាំងពិតមួយ ប្រឆាំងដាច់ខាតពពួកជនអគតិ ចលនាបដិវត្តន៍ពណ៌ ដែលមានចរិតប៉ុនប៉ង បំផ្លាញសន្តិភាព បំផ្លាញការរស់នៅដោយសុខដុមរម្យនារបស់ប្រជាជន និងប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលផុសចេញពីឆន្ទៈពិតៗរបស់ប្រជាជន គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា និងគាំទ្របេក្ខភាពមេបញ្ជាការ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត៕