(សៀមរាប)៖ រដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វឹងហឺ (Wei Fenghe) បានប្រាប់សមភាគីអាមេរិករបស់លោកថា តៃវ៉ាន់គឺជាចំណុច​ដ៏សំខាន់បំផុត នៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយជាខ្សែបន្ទាត់ក្រហម ដែលមិនត្រូវឈានជើងឆ្លងកាត់ដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

«ការដោះស្រាយបញ្ហាតៃវ៉ាន់គឺជាបន្ទុករបស់ប្រជាជនចិនផ្ទាល់ ហើយគ្មានកម្លាំងបរទេសណា មានសិទ្ធិមកលូកលាន់ជ្រៀតជ្រែក បានឡើយ»។ លោក វ៉ី បានលើកឡើងច្បាស់ៗយ៉ាងដូច្នេះ កំលុងជំនួបរយៈពេលប្រហែល៩០នាទី ជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) កាលពីព្រឹកថ្ងៃអង្គារនេះ នៅក្រៅកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាន-បូក ដែលរៀបចំឡើងនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា ។

រដ្ឋមន្រ្តីការពារជាតិចិនបានបន្តថា សហរដ្ឋអាមេរិកត្រូវតែគោរព ផលប្រយោជន៍នានារបស់ប្រទេសចិន ហើយលោកសង្ឃឹមថា ទីក្រុងវ៉ាស៉ីនតោនអាចប្រកាន់យក នូវគោលនយោបាយដែលសមហេតុសមផល និងមានភាពជាក់ស្តែងចំពោះទីក្រុងប៉េកាំង ព្រមទាំងដឹកនាំទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ឱ្យត្រឡប់ទៅរកគន្លងផ្លូវដ៏ត្រឹមត្រូវវិញ។ ទីក្រុងប៉េកាំងតែងតែរក្សាជំហរយ៉ាងរឹងមាំជានិច្ច ថាកោះតៃវ៉ាន់គឺជាទឹកដីមិនអាចកាត់ផ្តាច់បានឡើយ របស់ប្រទេសចិន។

ដោយឡែក ក្នុងថ្ងៃដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន កឺហ្វៃ (Tan Kefei) បានរាយការណ៍ថា មូលហេតុចម្បងដែលធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក ធ្លាក់មកដល់ស្ថានភាពដូចបច្ចុប្បន្ន គឺដោយសារតែភាគីអាមេរិក បានធ្វើការវិនិច្ឆ័យខុសជាលក្ខណៈយុទ្ធសាស្រ្ត ហើយចិនមិនមែនជាអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះស្ថានភាពនៃទំនាក់ទំនងនោះឡើយ។

គួរបញ្ជាក់ថា ជំនួបខាងលើគឺជាជំនួបទល់មុខលើកទី២ ក្នុងឆ្នាំ២០២២នេះ រវាងប្រមុខការពារជាតិទាំងពីរ និងជាលើកដំបូងបំផុត រវាងលោក អូស្ទីន និងលោក វ៉ី ចាប់តាំងពីខែមិថុនា ពោលគឺនៅមុនប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដោយបង្កឱ្យចិនផ្ទុះកំហឹងជាខ្លាំង៕