(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណៈកម្មការជាតិ វាយតម្លៃទីក្រុងស្អាត នៃក្រសួងទេចរណ៍ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំ រៀបចំពិធីដាំកូនឈើជានិមិត្តរូប និងសម្អាតបរិវេណ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីចូលរួមកិច្ចការក្នុងសង្គម ក្នុងការការពារធម្មជាតិ ក៏ដូចជាជួយថែរក្សាសោភ័ណ្ឌភាពក្រុង និងធ្វើឱ្យកម្ពុជាមានភាពស្រស់ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ។
មន្រ្តីអ្នកចូលរួមបានឱ្យដឹងថា ការរៀបចំពីធីខាងលើនេះ ក៏មានការចូលរួមពីតំណាង សាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្ត្រាចារ្យជាតិ និងអន្តរជាតិ សិស្ស-និស្សិត សរុបប្រមាណ៤៣០០នាក់ ដែលលទ្ធផលការងារដ៏សកម្មនេះ ក្រុមការងារបានដាំកូនឈើជានិមិត្តរូប ចំនួន៤ដើម ព្រមទាំងបានសម្អាតបរិវេណវិទ្យាល័យ ប្រកបដោយសេចក្ដីសប្បាយរីករាយ ដែលបង្ហាញពីសាមគ្គីភាពដ៏ស្និទស្នាល។
មន្រ្តីអ្នកចូលរួមបានបន្ថែមថា «សកម្មភាពនេះ បានបង្ហាញពីការសាមគ្គីភាពរវាងសាស្ត្រាចារ្យជាតិ អន្តរជាតិ និងសិស្ស-និស្សិតក្នុងការ បញ្ជ្រាបការយល់ដឹងពី ភាពស្អាត និងបៃតង, ការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ របស់សាលារាជធានីភ្នំពេញ ដែលជាបេក្ខភាពមួយ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីឆ្ពោះទៅទទួលបានពានរង្វាន់ផ្ការំដួល៣ទង និងបង្ហាញពីគម្រូល្អៗ ដល់សិស្ស-និស្សិត សាធារណជន និងជាពិសេសឱ្យកូនចៅខ្មែរជំនាន់ក្រោយ មានការយល់ដឹងពីសារសំខាន់ នៃការរស់នៅស្អាត អនាម័យស្អាតនិងការ ស្រលាញ់ ការពារ ថែរក្សាធម្មជាតិ ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ក្នុងការទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ជាពិសេសកិត្តិយសជាតិ»។
ក្រោយពីបានចូលរួមចំណែក ក្នុងការងារនេះហើយ សិស្សានុសិស្សបានលើកឡើងថា ថ្វីត្បិតតែការដាំកូនឈើនេះ មានចំនួនតិចតួចមែន ប៉ុន្តែនេះជាការអប់រំមួយយ៉ាងសំខាន់ ដើម្បីបញ្ជ្រាបការយល់ដឹង និងបណ្តុះគំនិតដល់សិស្ស-និស្សិតទាំងអស់ ឱ្យមានការយល់ដឹងពីការ ទុកដាក់ សម្រាមរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ជាពិសេសការទុកដាក់ថង់ប្លាស្ទីក កុំឱ្យប៉ើងរប៉ាត់រប៉ាយក្នុងខ្យល់ដែលនាំឱ្យរាយប៉ាយពាសវាល ពាសកាល និងឱ្យចេះស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថាន ក៏ដូចជារួមចំណែកក្នុងការដាំកូនឈើ ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួម កាត់បន្ថយការកើនឡើងកម្ដៅផែនដី៕