(កំពង់ធំ)៖​ ដោយមានការយក​ចិត្ត​ព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ និងមានការណែនាំចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ អភិបាលខេត្ត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងសប្បុរសជន បានចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនចាស់ជរាចំនួន១០ គ្រួសារ នៅភូមិស្នួល និងភូមិទួលភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

អំណោយដែលចែកជូនមាន១០គ្រួសារ ដោយ១គ្រួសារ ទទួលបាននូវ​អង្ករ ២៥គីឡូ មី១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ ត្រីខ ១យួ ថ្នាំពេទ្យ និងថវិកា៧ម៉ឺនរៀល។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនទុកឲ្យបងប្អូនណាម្នាក់ មិនមានអាហារហូបចុកនោះទេ។

លោកក៏បន្តទៀតថា ក្រោយពីអាជ្ញាធររាយការណ៍ការលំបាករបស់បងប្អូន រដ្ឋបាលស្រុកក៏បានចុះមកផ្ទាល់ដើម្បីដឹងពីទុក្ខលំបាក និងមានជាអំណោយបន្តិចបន្តួច ដើម្បីសម្រួលការលំបាករបស់បងប្អូន ហើយបើសិនបងប្អូនមានការលំបាកសូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំដើម្បីធ្វើការអន្តរាគមបានទាន់ពេលវេលា។

បន្ថែមពីនេះទៀត លោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋធ្វើការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋនៅក្នុងសង្គម។ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំឲ្យមានការយកចិត្តទុកដាក់ ជាមួយនិងប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយចុះជាប់ជាប្រចាំ។

បងប្អូនប្រជាពលរដ្ឋ បង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណនូវការគិតគូរយកចិត្តទុកដាក់របស់លោកអភិបាល ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕