(ភ្នំពេញ)៖ លោក គីម សុវណ្ណឌី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កិច្ចប្រជុំកម្រិតបច្ចេកទេសស្តីពីការបែងចែកអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ដែលរៀបចំឡើងនាពេលនេះក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើការបែងចែកអនុសាសន៍ នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ស្របតាមខ្លឹមសារសារាចររបស់រាជរដ្ឋាភិបាលលេខ ០៦ សរ. ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជាមូលដ្ឋានសម្រាប់ដាក់ជូនក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារពិនិត្យ និងសម្រេច។

លោកបន្តថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាជំហានមួយ នៃសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដើម្បីឆ្លើយតបនឹងការអនុវត្តអនុសាសន៍ នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ នៅពេលដែលផែនការប្រតិបត្តិសម្រេចបានគ្រប់ជ្រុងជ្រោយតាមការកំណត់ នោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនឹងទទួលបានយន្តការការងារជាក់លាក់មួយ ក្នុងការឆ្លើយតបទៅនឹងការអនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិ និងមានប្រព័ន្ធរបាយការណ៍បរិយាប័ន្នមួយ ដែលមានភាពប្រទាក់គ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះ គឺជាការផ្តើមបង្ហាញនូវជំហរប្តេជ្ញាចិត្តក្នុងការអនុវត្តទៅតាមតួនាទី និងភារកិច្ចទទួលបន្ទុករបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចំពោះអនុសាសន៍ នៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។

លោក គីម សុវណ្ណឌី បានបន្ថែមថា ក្រោយពីទទួលបានសារាចររបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានបន្តសកម្មភាពការងារ រួមមាន៖

*ទី១៖ រៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សាផ្តល់ យោបល់លើការបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ
*ទី២៖ រៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារ អនុម័តលើការបែងចែកអនុសាសន៍ទៅតាមក្រសួង ស្ថាប័ន
*ទី៣៖ រៀបចំបោះពុម្ពសៀវភៅចែក ផ្សាយ (សារាចរ អនុសាសន៍ តារាងបែងចែកអនុសាសន៍)
*ទី៤៖ រៀបចំសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយការបែងចែកការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ស្របតាមសារាចរ របស់រាជរដ្ឋាភិបាលលេខ០៦សរ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ និងការរៀបចំយន្តការឆ្លើយតប។

គួរបញ្ជាក់ថា ខ្លឹមសាររួមនៃសេចក្តីសង្កេតចុងក្រោយរបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិមានចំនួន ៥៩ចំណុច និងបែងចែកជា ៤ផ្នែកធំៗ រួមមាន៖ ១.សេចក្តីផ្តើម ២.វិធានការពិនិត្យតាមដាន និងវឌ្ឍនភាពដែលសម្រេចដោយរដ្ឋភាគី ៣.ផ្នែកសំខាន់ៗ នៃការព្រួយបារម្ភ និងអនុសាសន៍ ៤.ការអនុវត្ត និងការរៀបចំរបាយការណ៍។

ពាក់ព័ន្ធនឹងខ្លឹមសាររួម នៃសេចក្តីសង្កេតចុងក្រោយនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានពិនិត្យឃើញថា អនុសាសន៍ភាគច្រើនគឺកំពុងអនុវត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ សម្រាប់កិច្ចប្រជុំនាថ្ងៃនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដកស្រង់យកតែចំណុចសំខាន់ៗពាក់ព័ន្ធនឹងអនុសាសន៍យកមកពិនិត្យ និងពិភាក្សាតែប៉ុណ្ណោះ ដែលក្នុងនោះមានចំនួន ៤៨ចំណុច៕